លោកជំទាវ អោ​ង សាន​ស៊ូ​ជី បានធ្វើ​ដំណើរ​មកដល់​ខេត្តសៀមរាប​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ​

នៅវេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩​នេះ លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ទឹកដី​ខេត្តសៀមរាប​ហើយ តាម​យន្តហោះ​ពិសេស ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ ។

​ទទួល​ស្វាគមន៍​ដំណើរ​មកដល់​របស់ លោកជំទាវ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មាន​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប , ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត , គណៈ​អភិបាលខេត្ត , មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត , ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ជាច្រើនរូប​ទៀត ។

​សូមបញ្ជាក់ថា លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី ។

​ពេញ​មួយ​ថ្ងៃទី​៣០ ខែមេសា នេះ លោកជំទាវ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​ដាក់​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ។ បន្ទាប់មក បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន , អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា , អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា , អញ្ជើញ​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហនុ និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ នៅ​ព្រះបរមរាជវាំង​។

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មាន ប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប សូម​សម្តែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន​ម៉ា និង ប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​មិត្តភាព រវាង​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​គួររំលឹកថា ក្នុង​ថ្ងៃ​ដដែល​នេះ ក្រោយពី​ទស្សនា​ប្រាសាទ​អង្គរ លោកជំទាវ និង ប្រតិភូ​អមដំណើរ នឹង​ចាក​ចេញពី​ខេត្តសៀមរាប ទៅកាន់​ប្រទេស​របស់លោក​ជំទាវ​វិញ ៕​