អាជ្ញាធរ​ខេត្តសៀមរាប អះអាងថា ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

បើតាម​ប្រសាសន៍​របស់លោក លី សំរឹទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរងរ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តសៀមរាប កំពុងតែជួបប្រទះ​កូន​រដូវប្រាំង​មួយ​ដែល​បានអូសបន្លាយ​ក្នុង​រយៈពេល​យូរ ដោយបាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្វិត និង​ងាប់​ជា​បណ្តើរៗ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​ទៀត​ទេនោះ ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ហើយ​ស្រុក​ដែល​បានទទួល​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ គឺ​ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ ។

​លោក លី សំរឹទ្ធ មានប្រសាសន៍​បន្ថែមថា នៅ​ខណៈ​ពេលនេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ធ្វើការ​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងនោះ ប៉ុន្តែ​ការជួយ​សង្គ្រោះ​នេះ គឺ​បាន​សម្រាប់តែ​ស្រែ​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​នៅ​ជិត​ប៉ុណ្ណោះ ហើយ​សម្រាប់​ស្រែ​ដែល​គ្មាន​ប្រភពទឹក​នៅ​ជិត យើង​មិន​អាចជួយ​បាន​នោះទេ គឺ​មានតែ​រង់ចាំ​ទឹកភ្លៀង​មួយ​មុខ​ប៉ុណ្ណោះ​។

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅ​ទូទាំង​ខេត្តសៀមរាប ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត មាន​ចំនួន​១៥.៩៣៨ ហិកតា ក្នុងនោះ មាន​ស្រូវស្រាល​ចំនួន ៥.១៧៣​ហិកតា , ស្រូវកណ្តាល​ចំនួន ៨.៩៤៧​ហិកតា , ស្រូវធ្ងន់​ចំនួន ១.៦៥២​ហិកតា និង ស្រូវចំការ​ចំនួន ១៦៦​ហិកតា លើ​ស្រុក​ចំនួន ៨ ស្មើនឹង​៤៧​ឃុំ និង ៣០៥​ភូមិ មាន​១៧.៩៥៦​គ្រួសារ ។

​សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅ​ថ្មី​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប បាន​នាំយក​ស្រូវពូជ​ចំនួន​២៩​តោន ទៅ​ចែកជូន​ដល់​ប្រជាកសិករ​ចំនួន​៥៤០​គ្រួសារ នៅក្នុង​ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក ដែលជា​ស្រុក​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ ដែល​ពូជស្រូវ​ទាំងនោះ ផលិត​ដោយ​កសិដ្ឋាន​ទួល​សំរោង មាន​គុណភាព​បន្សុទ្ធ​ពូជ​មិន​ទាប​ជាង​៩៥​ភាគរយ ហោ​យ​ធានា​ការ​ដំណុះ​គ្រប់​គ្រាប់​មិន​ទាប​ជាង​៨០​ភាគរយ​ឡើយ ៕​