អាជ្ញាធរ​ឃុំ​មោង៖ភាគច្រើន​ពលរដ្ឋ​​ចំណាកស្រុក​ដោយ​ស្របច្បាប់


មានប្រសាសន៍​លើកឡើង​ក្នុង​ពេល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​ចន្ទ ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ទិន ទី មេឃុំ​មោង ស្រុក​ស្រីស្នំ បាន​លើកឡើង​ថា ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​លោក​ពិត​មាន​ច្រើន ប៉ុន្តែ​ការ​ចំណាកស្រុក​នោះ​ភាគច្រើន​ស្របច្បាប់ ដោយសារ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​បាន​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការ​ចំណាកស្រុក​ខុសច្បាប់​។

​លោក ទិន ទី មេឃុំ​មោង បាន​លើកឡើង​បន្ត​ថា ជារឿយៗ​អាជ្ញាធរ​ឃុំ​តែងតែ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា ធ្វើយ៉ាងណា​បើ​សិន​ជា​ចំណាកស្រុក​ត្រូវ​ធ្វើឲ្យ​ស្រប​ច្បាប់ ដើម្បី​ចៀសវៀង​នៅ​ផលប៉ះពាល់ ដូចជា​៖ ត្រូវ​ខាត់​បង់កម្លាំង​ពលកម្ម​ដោយ​សារ​ធ្វើការ​មិន​ទទួលបាន​ប្រាក់ខែ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ធ្វើដំណើរ​ទៅ​មក​។ លោក​បន្តថា​អាជ្ញាធរ​តែង​បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ធ្វើ​លិខិត​បញ្ចាក់​ទីលំនៅ​ជូន​ប្រជាពលរដ្ឋ​មុន​ពេល​ទៅ​ធ្វើ​លិខិតឆ្លងដែន​ជាដើម​។

​សូម​រម្លឹកថា បើ​តាម​របាយការណ៍​ពី​អាជ្ញាធរ​ឃុំ​មោង ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​សរុប​ចំនួន​៨១១​នាក់​ស្រី​៣៧៦ ក្នុង​នោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​សរុប​ចំនួន​៧៧៤​នាក់ ស្រី​៣៥១​នាក់ និង​មាន​ការ​ចំណាកស្រុក​ទៅ​ប្រទេស​កូរ៉េ ម៉ាឡេស៊ី និង​ការ​ចំណាក​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ខណៈ​ដែល​ចំនួន​ប្រជាពលរដ្ឋ​សរុប​រស់​នៅក្នុង​ឃុំ​នេះ​មាន​៥១៥៨​នាក់​៕