តួនាទី​របស់​អាជ្ញាធរ​ពេល​មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​


ភារកិច្ច​របស់​អាជ្ញាធ​រ​មូលដ្ឋាន (​ក្នុង​មាត្រា​១៣ នៃ​ច្បាប់​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​និង​កិច្ចការពារ​ជនរងគ្រោះ​ឆ្នាំ​២០០៥) រួមមាន ឃាត់​ទុក​វត្ថុ​ជាក់ស្តែង​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ជន​មុខសញ្ញា បង្វែរ​យកចេញ​ជន​មុខសញ្ញា​ពី​កន្លែងកើតហេតុ ឬ​បង្វែរ​ជនរងគ្រោះ​ទៅ​កន្លែង​សុវត្ថិភាព​ដើម្បី​ការពារ​នាង ផ្ដល់អោយ​ជនរងគ្រោះ​នូវ​ជំនួយ​សមស្រប ដូចជា ផ្លូវច្បាប់ សុខាភិបាល និង​កិច្ច​ការពារ​សង្គម និង​ពន្យល់​ពី​សិទ្ធិ​ទទួលបាន​ការការពារ​ពី​អំពើ​ហិង្សា​ដូចជា ស្នើ​សុំ​ដីកា​ការពារ​ពី​តុលាការ ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ពី​ជម្រើស​នៃ​ការស្វែងរក​យុត្តិធម៌​ពី​ប្រព័ន្ធ​ផ្លូវការ និង​មិន​ផ្លូវការ ហើយ​គ្មាន​ការបង្ខំ​ឲ្យ​ភាគី​ណាមួយ​ធ្វើ​អ្វីមួយ​ប្រឆាំង​នឹង​ភាគី​ម្ខាង​ទៀត ព្រោះ​ជនរងគ្រោះ​នឹង​ត្រូវតែ​ធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​។

​អ្នកស្រី សុខ​ឡា ពលរដ្ឋ​នៅ​ឃុំ​បាគង​បាន​និយាយថា​កន្លងមក​អាជ្ញាធរ​បាន​បំពេញ​តួនាទី​បាន​ល្អប្រសើរ​នៅពេល​មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​បាន​កើតឡើង​។ អ្នកស្រី​បន្ថែមថា អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ចំពោះ​ជនរងគ្រោះ ដូចជា​ផ្តល់ជំនួយ​ផ្សេងៗ​ទៀត​នៅពេល​ស្ត្រី​ត្រូវការ​ពេល​ដោះស្រាយ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​។

​ពលរដ្ឋ​មួយ​រូ​ម​ទៀត​លោក សឿន ពៅ អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ឃុំ​បាគង​ដូចគ្នា​ដែរ​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា អាជ្ញាធរ​បាន​បំពេញ​តួនាទី​បានល្អ ព្រោះ​ពេល​មាន​គ្រួសារ​ណាមួយ​កើតមាន​អំពើ​ហិង្សា​អាជ្ញាធរ​បាន​ចុះ​ទៅ​អប់រំ​ដល់​ផ្ទះ​ផ្ទាល់​តែម្តង ដើម្បី​ពន្យល់​ណែនាំ​បុរស​ពី​ផលប៉ះពាល់​នៃ​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​។

​លើ​បញ្ហា​នេះ​លោកស្រី មាន ឡា​ន់ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទទួលបន្ទុក​កិច្ចការ​ស្ត្រី​និង​កុមារ​ឃុំ​បាគង​បាន​លើកឡើង​ថា នៅពេល​មាន​រាយការណ៍​ពី​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​អាជ្ញាធរ​មិន​រងចាំ​យូរ​ទេ ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ជួយ​ជនរងគ្រោះ​។ លោកស្រី​បន្ថែមថា​ពេល​មាន​អំពើហិង្សា​កើតឡើង​សូមឲ្យ​បងប្អូន​រាយការណ៍​ទៅ​កាន់​មេភូមិឬ​ប្រជា​ការពារ​ដែល​នៅ​ជិត ដើម្បី​ជួយ​ជាបឋម មុន​និង​មេឃុំ​ឬ​សមត្តកិច្ច​ចុះ​ទៅ​ដល់ ជៀសវាង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

​ដើម្បី​ការពារ​សន្តិសុខ​ជនរងគ្រោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​អាច​ចេញ​សេចក្ដីសម្រេច​រដ្ឋបាល​ស្របតាម​មាត្រា ៤៣ មាត្រា​៤៨ និង​មាត្រា​៤៩ នៃ​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​វិធានការ​បណ្ដោះអាសន្ន​ស្របច្បាប់ ដែល​មាន​ជាអាទិ៍ ៖​ហាម​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​ដោយ​ខ្លួនឯង​ផ្ទាល់​ឬ​ដោយ​អ្នកផ្សេង​,​ហាម​បំផ្លាញ​ទ្រព្យសម្បត្តិ ឬ ណែនាំ​កុំឱ្យ​ចាត់ចែង​លក់​ទ្រព្យសម្បត្តិ​រួម ឬ របស់​ជនរងគ្រោះ ឬ របស់​ញាតិសាលោហិតរ​បស់​ជនរងគ្រោះ​,​ហាម​ជន​មុខសញ្ញា​ចូល​ទៅ​ជិត ឬ ចូលទៅ​ក្នុង​ទីលំនៅ​រួម កន្លែង​ស្នាក់នៅ ឬ កន្លែង​ធ្វើការ​របស់​ជ​ន​រងគ្រោះ បើ​គ្មាន​ការអនុញ្ញាត​ពី​ជនរងគ្រោះ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ស្របច្បាប់​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់​ការពារ សុវត្ថិភាព​ដល់​ជនរងគ្រោះ និង​សមាជិក​ក្នុង​គ្រួសារ ឬ ជន​ដែល​ពាក់ព័ន្ធ​។​