អាជ្ញាធរ​ស្រុក​ស្វាយ​លើ បំភ្លឺ​ជុំវិញ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ចំនួន​ពីរ បង្ហោះ​ខ្លឹមសារ​ទាក់ទង​នឹង​ការ​បម្រើសេវា​អត្រានុកូលដ្ឋាន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើល​ទូរស័ព្ទ​

កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​ស្វាយ​លើ បានចេញ​សេចក្តីបំភ្លឺ​មួយ ជុំវិញ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កូន​នាក់​ស្វាយ​លើ និង មេផ្ទះ Housewife បាន​បង្ហោះ​ខ្លឹមសារ​ទាំ​ក់​ទង​ទៅនឹង​ការ​បម្រើសេវា​អត្រានុកូលដ្ឋាន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើល​ទូរស័ព្ទ ។

​តាម​ខ្លឹមសារ​នៃ​លិខិត​នេះ បាន​ឲ្យ​ដឹងថា កន្លងមក រដ្ឋបាល​ស្រុក បាន​បម្រើសេវា​សាធារណៈ ផ្នែក​ការងារ​អត្រា​នុ​កូ​ល ដ្ឋា​ន​មិនដែល​ឲ្យ​លើសពី​រយៈពេល​បី​ថ្ងៃ​ទេ ហើយ​ពេលខ្លះ​ឲ្យ​ប្រជាពលរដ្ឋ គាត់​រង់ចាំតែ​តែ​រយៈពេល​កន្លះ​ម៉​ង ទៅ​ពីរ​ម៉ោង ពួកគាត់​អាច​ទទួលបាន​សេវា​ប្រភេទ​នេះ​យកទៅ​ប្រើប្រាស់​បាន លើកលែងតែ​ការស្នើសុំ​កែតម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋាន ទើបត្រូវ​ប្រើ​រយៈពេល​យូរ​លើសពី​មួយខែ ព្រោះ​មាន​នីតិវិធី​ច្រើន​ត្រូវដាក់​ឆ្លង​ជូន​ក្រសួងមហាផ្ទៃ​ពិនិត្យ សម្រេច ។

 

ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាត់ ខូច ភ្លើង​ឆេះ សំបុត្រ​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ ពេល​គាត់​មករក​សេវា​មន្ត្រី​យើង​តែងតែ​សាកសួរ​រាល់​ព័ត៌មាន និង ឯកសារ​ពាក់ព័ន្ធ ដូចជា សៀវភៅ​គ្រួសារ កាលបរិច្ឆេទ​ដែល​ធ្វើ​នៅ​ថ្នាក់ឃុំ សង្កាត់ និង សាច់ញាតិ​ដែល​ធ្លាប់ធ្វើ​ជាមួយ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ក្បាល​សៀវភៅ និង ឈ្មោះ​សា​ម៉ី​ខ្លួន ។

​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន ពេល​គាត់​មករក​សេវា​ប្រភេទ​នេះ​នៅ​ថ្នាក់ស្រុក តែ​ពួកគាត់​មិនមាន​ឯកសារ​អ្វី​ទាំងអស់ និង មិនដឹង​ធ្វើ​នៅ​ឆ្នាំ​ណា ដូច្នេះ​មន្ត្រី​អត្រានុកូលដ្ឋាន​យើង ពិបាក​ស្វែងរក​ជូន​ពួកគាត់ មិនដឹងថា គាត់​បានធ្វើ ឬ​មិន​បានធ្វើ ទើប​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ខ្លះ​ក្នុងការ​ស្វែងរក តែ​ក៏​មិនយឺត​យ៉ាវ​រហូត​ដល់ក​ន្លះ​ខែ ឬមួយ​ខែ​ដូច​ការចោទប្រកាន់​ដែរ ។

​ចំពោះ​រូបភាព​ដែល​ចោទប្រកាន់​មន្ត្រី​យើង​ដែល​មើល​ទូរស័ព្ទដៃ គឺ​ពួកគាត់​មាន​ចេតនា​លួច​ថត​មន្ត្រី​ពេល​ម៉ោង​សម្រាក​ពី​ការងារ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​អាប់ឱន​ស្ថាប័ន​នៃ​រដ្ឋបាល​ស្រុក​ទាំងមូល ព្រោះ​នៅពេល​ខ្លះ មន្ត្រី​យើង​ប្រើ​ទូរស័ព្ទ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ការងាររដ្ឋបាល​ផ្សេងៗ​ផងដែរ ។ ជាងនេះទៅទៀត នៅ​រដ្ឋបាល​ស្រុក ពាក់ព័ន្ធ​នឹង​ការងារ​បន្ទាន់ និង ការងារ​ដែល​នៅ​សេសសល់​មួយចំនួន ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ស្រុក មន្ត្រី​យើង​ឆ្លៀត​ពេលធ្វើ​ការងារ ក្នុង​ចន្លោះ​ម៉​ង​សម្រាក​ម្ដងម្កាល ដើម្បី​ឲ្យ​សម្រេចបាន តាម​ការកំណត់ ។

​ខ្លឹមសារ​នៃ​លិខិត​នេះ បាន​ឲ្យ​ដឹង​ទៀតថា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើនេះ រដ្ឋបាល​ស្រុក បាន​កោះប្រជុំ​ជាមួយ​មន្ត្រី​អត្រានុកូលដ្ឋាន​ភ្លាម ហើយ​មន្ត្រី​ទាំងអស់​បាន​ឆ្លើយ​បំភ្លឺថា កន្លងមក មិន​ដែលមាន​ប្រជាពលរដ្ឋ​ណា​មក​ឲ្យ​រក​សំបុត្រ​អត្រានុកូលដ្ឋាន​ដែល​បាត់ ហើយ​រក​មិនឃើញ​ហួស​ពី​កន្លះ​ខែ​ទៅមួយ​ខែ​ដែរ គឺ​រដ្ឋបាល​ស្រុក តែងតែ​ឆ្លើយតប​ទៅ​សា​ម៉ី​ជន​វិញ ប្រសិនបើ​ករណី​រក​មិនឃើញ​ក្នុង​សៀវភៅ​អត្រានុកូលដ្ឋាន ដែល​រក្សា​នៅ​សាលាស្រុក ។

 

​រដ្ឋបាល​ស្រុក​ស្វាយ​លើ សូម​ជម្រាបជូន ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កូន​នាក់​ស្វាយ​លើ និង មេផ្ទះ Housewife មេត្តា​ជ្រាបថា ប្រសិនបើ​ម្ចាស់​អា​ខោ​ន​ទាំងពីរ​នេះ ធ្លាប់បាន​មករក​សេវា​ប្រភេទ​នេះ​ពី​រដ្ឋបាល​ស្រុក​ស្វាយ​លើ​កន្លងមក​មែន សូម​មក​ទំនាក់ទំនង​ផ្ទាល់ ដើម្បី​រដ្ឋបាល​ស្រុក មាន​មូលដ្ឋាន​សាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​បាត់ និង ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ជូន​ឲ្យ​បាន​លឿន ៕​