អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក ដែលមាន​ភូមិសាស្ត្រ​ជាប់​នឹង​បឹង​ទន្លេសាប បង្កើន​ថែមទៀត​ការចុះ​បង្ក្រាប​បទ​លើ្ម​ស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន សម្រាប់​រដូវ​បិទ​នេសាទ​នេះ​

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា រយៈកាល​កន្លងមក កម្លាំងចម្រុះ​របស់​រដ្ឋ​បាល​ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង មន្ត្រី​ជំនាញ​ជលផល តែងតែ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេ​សាទ ប៉ុន្តែ​អ្វីដែល​ចង់​បញ្ជាក់​នៅទីនេះ គឺ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ក្រុង ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ម្ចាស់ការ​ដោយ​ខ្លួនឯង ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ក្នុង​បឹង​ទន្លេ​សាទ ដោយ​មិនត្រូវ​រង់ចាំ​សហការ​ជាមួយ​កម្លាំងចម្រុះ​របស់​រដ្ឋបាលខេត្ត​ទៀត​នោះទេ ព្រោះថា រដ្ឋបាលខេត្ត​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​បំពេញ ដែលជា​ហេតុ​ធ្វើ​ឲ្យ មានការ​អូសបន្លាយរ​រយៈ​យូរ ក្នុង​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេសាទ​នេះ​ម្ដង ។

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​ទៀតថា ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​របស់​រដ្ឋបាល​ខេត្តសៀមរាប តែងតែ​យកចិត្តទុកដាក់​បំផុត ចំពោះ​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ក្នុង​បឹង​ទន្លេ​សាទ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដូច្នេះ ដើម្បី​បង្កើន​ការទប់ស្កាត់ និង បង្ក្រាប​បទល្មើស​នេសាទ​បាន​ទាន់ពេល​វ​លា​នោះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​រៀបចំ​កម្លាំង និង កាលវិភាគ​ដោយ​ខ្លួន​សម្រាប់​ប្រតិបត្តិការ​នេះ បើទោះបីជា​រដ្ឋបាល​ក្រុង ស្រុក មាន​កិច្ចការ​ផ្សេងៗ​ជាច្រើន​ដែល​ត្រូវបំពេញ​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​ពេលវេលា​ច្រើន អាចបំពេញ​ការងារ​នេះ បាន​ទាន់ពេលវេលា​ដែរ ។

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​បន្ថែមទៀត​ថា ប្រសិនបើ​មាន​បញ្ហា​រាំងស្ទះ​ណាមួយ សម្រាប់​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​នេះ សូម​រាយការណ៍​មក​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាបន្ទាន់ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព ព្រោះថា រដូវ​នេះ​ជា​រដូវ​ត្រី​ពង កូន និង ជា​រដូវ​បិទ​ការនេសាទ ។

​សូមបញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ពី​រដូវ​បិទ​នេសាទ នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវបាន​កំណត់​យក​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ដល់ ថ្ងៃទី​៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុម្មុខ ដែល​រួមមាន​ខេត្ត​ទាំងអស់​ជំរុញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ផ្នែក​ខាងជើង​ចតុមុខ និង ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែតុលា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង ខ្សែស្រប​ទន្លេចតុម្មុខ ដែលមាន​រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង​៕​