អភិបាលស្រុក​បន្ទាយស្រី ប្រកាសថា នឹង​ជ្រើស​រើសយក​ភូមិ​ព្រះ​ដាក់ ជា​ភូមិ​ទី​១ សម្រាប់​ការសាកល្បង​នៃ​យុទ្ធនាការ ផ្ទះមួយ អំពូល​មួយ​

តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( ហ្វេ​ស​ប៊ុ​ក ) ផ្លូវការ​របស់លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​បញ្ជាក់ថា យោងទៅលើ​កត្តា​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​ដើម្បី​ជំរុញ​គម្រោង​សាកល្បង​មាន​សន្ទុះ​លឿន រដ្ឋបាល​ស្រុក​បន្ទាយស្រី បានសម្រេច​ជ្រើស​រើសយក​ភូមិ​ព្រះ​ដាក់ ជា​ភូមិ​ទី​១ សម្រាប់​ការសាកល្បង​នៃ​យុទ្ធនាការ ផ្ទះមួយ អំពូល​មួយ ដោយ​ធ្វើ​ការដាក់​បំពាក់​អំពូល​សូ​ឡា​ប្រើប្រាស់​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​៥១៤​ឈុត នៅតាម​ផ្ទះ​ទាំង​៥១៤​ខ្នង នៅក្នុង​ភូមិ​ព្រះ​ដាក់​ទាំងមូល ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​សប្បុរសជន​ដំបូង ដែល​គាំទ្រ​និង​ឲ្យ​តម្លៃ​ទៅលើ​យុទ្ធនាការ​នេះ​។

​លោក ឃឹម ហ្វី​ណង់ បញ្ជាក់ទៀតថា នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ស្រុក នឹង​រៀបចំ​ពិធី​ប្រកាស​ភូមិ​ដំបូង នៃ​ដំណើរការ​សាកល្បង​យុទ្ធនាការ ផ្ទះមួយ អំពូល​មួយ ដោយមាន​ការចូលរួម​ពី​តំណាង​នៃ​គ្រួសារ​និ​មួយៗ ទាំង​៥១៤​គ្រួ​ការ​នៅក្នុង​ភូមិ​ព្រះ​ដាក់ រួមទាំង​តំណាង​សប្បុរសជន​ផងដែរ ដែល​ពិធី​នេះ គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ឡើង នៅក្នុង​បរិវេណ​វត្ត​ព្រះ​ដាក់ ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

​លោក ឃឹម ហ្វី​ណង់ បញ្ជាក់​បន្ថែមទៀតថា ដោយ​គម្រោង​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​សាកល្បង និង​ដើម្បី​ជំរុញ​ឲ្យ​បាន​ដំណើរការ​លឿន ការរៀបចំ​ជា​ថវិកាបដិភាគ ដូច​បាន​លើក​ជា​យោបល់​ពី​សាធារណៈជន មាន​លក្ខណៈ​ស្មុគស្មាញ និង​ប្រើពេល​យូរ តែ​ក្រុមការងារ​ជឿជាក់ថា វា​នៅតែ​ជា​រូបមន្ត​ដ៏​សំខាន់​ដើម្បី​ធានា​ការចូលរួម​ភាពជា​ម្ចាស់ និង​ការសម្រេចបាន​១០០​ភាគរយ​នៃ​យុទ្ធនាការ​នេះ ខណៈដែល​ក្រុមការងារ នឹង​ពិចារណា​រូបមន្ត​បដិភាគ​នៅ​ដំណាក់កាល​ក្រោយៗ​ទៀត ៕​