មេបញ្ជាការ​ង​កង​អង្គរក្ស ផ្តាំផ្ញើ​ដល់​សាមណេរ​និង​សីល​វ​ត្តី​ដែល​ទើប​កោរសក់ បួងសក់​បួស នៅ​វត្ត​អង្គរ​ខាងជើង សូម​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​

ក្នុង​ពិធី​បំបួស​កុលបុត្រ ចំនួន​៣៦ រូប នៅ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងជើង ក្នុង​ខេត្តសៀមរាប កាល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម គង់​ប៊ុនលី ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស បាន​មានប្រសាសន៍ថា​៖​ការចូល​បួស​ក្នុង​សំណាក់​សាសនា​ព្រះ​ពុ​ទ្ឋ ជា​ឱកាស​ដ៏​កម្រ​មួយ​មិនអាច​នរណា​ងាយ​លះបង់ ពី​គ្រហស្ថ​មក​បួស​បាន​ងាយៗ​នោះទេ ប៉ុន្តែ​សម្រាប់​ប្អូនៗ ក្មួយៗ ដែល​ស្ម័គ្រចិត្ត​ចូល​បួស​ក្នុង​ពេលនេះ ទោះ​បួស​បាន​រយៈពេល​ខ្លី ឬ​វែង​ក្តី ត្រូវខិតខំ​គោរព​ប្រតិបត្តិ​និង​ស្តាប់​ការអប់រំ​ទូន្មាន​ពី​ព្រះចៅអធិការ និង​ព្រះ​ភិក្ខុ ដែលមាន​វស្សា​បួស​ចាស់​ជាង ដើម្បី​ក្លាយ​ទៅ​ធនធាន​ព្រះសង្ឃ ពោរពេញ​ដោយ​សមត្ថភាព និង​បញ្ញា​ចាស់​ក្លា សម្រាប់​ជួយ​ទ្រទ្រង់​ក្នុង​វិស័យ​ពុ​ទ្ឋ​ចក្រ​ឱ្យ​កាន់តែ​រឹងមាំ និង​ស្ថិតស្ថេរ​យូរអង្វែង​ទៅមុខ និង​ចៀសវាង​ការ​បួស​យូរហើយ តែ​ការ​បដិបត្តិ​មិនបាន​ត្រឹមត្រូវ​ទៅតាម​គោល​ធម៌​របស់​ព្រះ​សម្មាស​ម្ពុ​ទ្ឋ ក៏​នាំឱ្យ​ពព្រុស​ពពាល​សីល​របស់​យើង​ក្នុងនាម​ជា​ភិក្ខុ​សាមណេរ និង​សីល​វ​ត្តី ។

​ក្នុងឱកាស​នោះដែរ ឧ​ត្ត​ម គង់ ប៊ុនលី បាន​ផ្តាំផ្ញើ​ដល់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ទូទៅ ព្រមទាំង​អាជ្ញាធរ និង សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុងករណី​មាន​បុគ្គល​សង្ឃ​ណា​ប្រព្រឹត្ត​ខុស​វិន័យ សូមមេត្តា​កុំ​ខឹង​ស្អប់​ម៉ៅ​ដល់​ព្រះសង្ឃ​ទាំងអស់ ដែល​ព្រះអង្គ​បដិបត្តិ​បានល្អ គួរ​មាន​វិធានការ និង​ចាត់ចែង​តាមផ្លូវ​ច្បាប់ តែ​ចំពោះ​បុគ្គល​ប្រព្រឹត្ត​ខុស​បាន​ហើយ ហើយ​បើ​បុគ្គល​សង្ឃ​មួយអង្គ​ខុស​នោះ មុននឹង​ចាប់​ដាក់វិន័យ​ទោស​ទ័​ណ្ឌ ក៏​គួរឱ្យ​បុគ្គល​នោះ​លាចាក​សិក្ខាបទ ឬក៏​ផ្សឹក​បក​ស្បង់​ជីពរ​ចេញ​ជាមុន​ដែរ ពុំគួរ​ចាប់​ឬ​វាយ​ទាំង​ស្បង់​ចីពរ​នោះទេ ព្រោះ​ស្បង់​ចីពរ​ជា​តំណាងឱ្យ​ទង់​ព្រះ​អារ​ហត្ថ ដែល​អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​គោរព​បំផុត ។

​បើតាម​ថេរៈ​ដិ​ការ ព្រះគ្រូ​បញ្ញា​រង្សី​ឧ​ត្ត​ម​បណ្ឌិត គង់ សុភាព ថិ​តប្ប​ញ្ញោ ព្រះចៅអធិការ​វត្ត​អង្គរ​ខាងជើង បាន​ឲ្យ​ដឹងថា ការ​បំបួស​នេះ ធ្វើឡើង​ផ្សាភ្ជាប់​ជាមួយ​បុណ្យ​អាសា​ឡ្ហ​បូជា​ចូល​ព្រះវស្សា ដែល​ក្នុង​ព្រះ​វិន័យ​ព្រះសង្ឃ​ត្រូវ​គង់​ចាំ​វស្សា​នៅក្នុង​វត្ត​រយៈពេល​បី​ខែ ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាធ រហូតដល់​ថ្ងៃ​ពេញ​បរ​មី​ខែអស្សុជ ហើយ​ការចូល​វស្សា​របស់​ភិក្ខុសង្ឃ ដែល​ព្រះ​ស​ម្ពុ​ទ្ឋ​ទ្រង់​អនុញ្ញាតិ និង​បញ្ញត្តិ​ទុក​មក​នោះ ពុំមាន​ពិធី​អ្វី​អម​រួមផ្សំ​ច្រើន​ទេ បើ​កាល​ដល់​កាល​វេលា​ចូលមក​ដល់​ហើយ ភិក្ខុ​គ្រាន់តែ​សូត្របាលី​ចូល​វស្សា​ជាការ​ស្រេច ប៉ុន្តែ​សម្រាប់​សាមណេរ និង​សីល​វ​ត្តី ដែល​ទើប​កោរសក់ បួងសក់ បួស​ថ្មី​ត្រូវបំពេញ​ការ​សង្រួម ដោយ​ការ​សមាធិ និង​រៀនសូត្រ​ឱ្យដឹងពី​ឥរិយាបទ​ទាំង​៤​របស់​ភិក្ខុភាវៈ រយៈពេល​៧​ថ្ងៃ ៕​