ក្មេងប្រុស​ម្នាក់​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​លង់ទឹក​

លោក​វរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ២០​និង​១០​នាទី​នា​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០១៩​នេះ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​នៅត្រង់ចំណុច​កស្សិណ​ទឹក នៃ​ប្រាសាទ​គោកចក ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​ជនរងគ្រោះ​មានឈ្មោះ ឈុន លី​សំណាង ភេទ​ប្រុស អាយុ​០៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​វាល សង្កាត់​គោកចក ដែល​មូល​ហេតុនេះ ជនរងគ្រោះ​ចុះ​លេង​ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់ ។

​លោក​វរៈសេនីយ៍ឯក ណុប សារ៉ាក់ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ហើយ​តាម​ការពិនិត្យ​សាកសព​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​បញ្ជាក់ថា ក្មេងប្រុស​ដែលជា​ជនរងគ្រោះ​នេះ បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ព្រោះ​ក្រៅពីនោះ សាកសព​ពុំមាន​អី្វ​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ និង ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​