សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជូនអំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ លោក ណ​ម ពិសិដ្ឋ ហិ​រ​ញ្ញិ​ក​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ រស់នៅក្នុង​ឃុំ​ចំនួន​៣ របស់​ស្រុក​សូទ្រនិគម ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​សប្តាហ៍​មុន ក្នុងនោះ​នៅ​ឃុំ​ដំ​ដែក រលំ​ផ្ទះ​ចំនួន​១​គ្រួសារ , ឃុំ​កៀន​សង្កែ រលំ​ផ្ទះ​ចំនួន​១​គ្រួសារ និង ឃុំ​កំពង់​ឃ្លាំង របើក​ដំបូលផ្ទះ​ធ្ងន់ធ្ងរ ចំនួន​៦​គ្រួសារ ។

​អំណោយ​ដែល​គ្រួសារ​រលំ​ផ្ទះ ក្នុង​មួយ​គ្រួសារ​ទទួលបាន ៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥​គីឡូក្រាម , ស័ង្កសី​១៦​សន្លឹក និង ថវិកា​១៥​ម៉ឺន​រៀល រីឯ​គ្រួសារ​របើក​ដំបូលផ្ទះ​ធ្ងន់ធ្ងរ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥​គីឡូក្រាម , ស័ង្កសី​១០​សន្លឹក និង​ថវិកា​១០​ម៉ឺន​រៀល និង ជាមួយគ្នា​នោះ កញ្ញា ណ​ម ពិសី បាន​ឧបត្ថម្ភ​បន្ថែម​នូវ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ ។

​មានប្រសាសន៍​នាឱកាស​នោះ លោក ណ​ម ពិសិដ្ឋ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧ​ប​ទ្ទេវ​ហេតុ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បណ្ដាលឱ្យ​ខូចខាត​ផ្ទះសម្បែង ។

​លោក ណ​ម ពិសិដ្ឋ មានប្រសាសន៍​បន្ថែមថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន មិន​ទុកចោល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យនៅ​ក​ណ្ដោ​យក​ណ្ដែ​ង​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល ប៉ុន្តែ​ប្រការ​សំខាន់​នោះ ដោយសារ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​សម្បូរ​ដោយ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺគ្រុនឈាម ដែល​បង្កឡើង​ដោយ​មូស​ខ្លា ហេតុនេះ​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ខ្លួនឯង និង​កូនចៅ​តូចៗ ដោយ​ត្រូវ​សម្រាក​ក្នុង​មុង និង​ស្លៀកពាក់​ខោអាវ​វែងៗ​ជាប្រចាំ ហើយ​បើសិនជា​ឃើញ​សភាព​មិន​ស្រួល ឬ​មាន​ជំងឺ​គ្រុនក្ដៅ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បងប្អូន​ជាបន្ទាន់ ៕​