ព្រះពុទ្ធ​បដិមា និង កុដិ​ថ្មី​មួយ​ខ្នង​ស្ថិតនៅក្នុង​បរិវេណ​វត្ត​ព្រះ​ធាតុ ត្រូវបាន​ប្រារព្ធ​ពិធីបុណ្យ​អភិសេក និង សម្ពោធ​ឆ្លង​កាលពី​ម្សិលមិញ​នេះ​

ព្រះពុទ្ធ​បដិមា និង កុដិ​ថ្មី​មួយ​ខ្នង នៅក្នុង​បរិវេណ​វត្ត​ព្រះ​សារី​រឹក​ធាតុ ហៅ​វត្ត​ព្រះ​ធាតុ ស្ថិតនៅ​ក្នុងភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ត្រូវបាន​ប្រារព្ធ​ពិធីបុណ្យ​អភិសេក និង សម្ពោធ​ឆ្លង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​លោក លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះ​តេជគុណ​អនុគណ​ស្រុក ព្រះ​តេជគុណ​គង់​ប្រចាំ​វត្ដ​វត្ត​ព្រះ​ធាតុ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក គណៈ​អភិបាលស្រុក​ជីក្រែង សមាជិក​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ​ខ្វាវ តាជី​យាយជី លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​ក្នុង​ឃុំ​ខ្វាវ​យ៉ាងច្រើន​កុះករ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង ក្ដី​នឹករលឹក ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោកជំទាវ ដែលជា​និច្ចកាល សម្ដេច​ទាំងពីរ និង ឯកឧត្ដម អភិបាលខេត្ត តែងតែ​យកចិត្តទុកដាក់​ខ្ពស់​អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង ។

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀតថា សមិទ្ធផល​ថ្មី​ដែល​ស្ថិតនៅ​ចំពោះមុខ​យើងទាំងអស់គ្នា​នេះ គឺជា​សក្ខីភាព​មួយ ដែល​បានបញ្ជាក់​ច្បាស់​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​យើង និង ភាពសុខដុមរមនារ​បស់​ប្រជាជន​យើង ក្រោម​ម្លប់​សុខសន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ពិត​សម្រាប់​ប្រជាជាតិ​គ្រប់​ជាតិ​សាសន៍ និង​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក សន្តិភាព​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល ដែល​ពិបាក​នឹង​ដណ្តើមយក​វា​បាន​ចេញពី​ភ្នក់ភ្លើងសង្គ្រាម ការ​ញុះ​ញ៉​ង់​បំបែកបំបាក់​សាមគ្គី​ជាតិ និង ការបង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងប្រទេស វា​ជា​ចលនា​ប្រឆាំងនឹង​សន្តិភាព ហើយ​សកម្មភាព​ទាំងអស់នោះ​ហើយ វា​បានបង្ហាញ​យ៉ាងច្បាស់​ណាស់​ថា បុគ្គល ឬ ក្រុម​បំផ្លាញ​សន្តិភាព​នោះ គឺជា​សត្រូវ​នៃ​ការអភិវឌ្ឍ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវតែ​សហា​ករ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​ដាច់ខាត នូវ​តម្លៃ​នៃ​សេចក្ដីសុខ​សន្តិភាព​នេះ ។

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែមទៀត​ថា ពិតណាស់ថា ប្រជាជន​កម្ពុជា​ពេញចិត្ត និង បោះឆ្នោត​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថាបនិក​នៃ​សន្តិភាព ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេសជាតិ ឆ្ពោះទៅរក​ការអភិវឌ្ឍ កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ហើយ​ការបោះឆ្នោតជាតិ​គ្រប់​អណ​ត្តិ​ហើយ គឺជា​កញ្ចក់​ឆ្លុះ​បង្ហាញ​អំពី​កិច្ចដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា និង​ជាការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ដ៏​ពេញលេញ​ផងដែរ បើទោះបី​ជាមាន​គណបក្ស​នយោបាយ​មួយចំនួនធំ ពុំ​ទទួលបាន​សម្លេងឆ្នោត​គាំទ្រ​ទទួល​អ​សនៈ​ក្នុង​សភាជាតិ​ក្ដី ក៏ត្រូវ​ទទួលបាន​កិត្តិយស ចូលរួម​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​ជាតិ​ផងដែរ តាមរយៈ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​រៀបចំ​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀតថា អ្វី​ដែលជា​កាតព្វកិច្ចរ​បស់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម គឺ​ការថែរក្សា​សន្តិភាព ដែលជា​បរិស្ថាន​នយោបាយ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ និង ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល ញុះ​ញ៉​ង់ របស់​ក្រុម​ឧទ្ទាម​នយោបាយ​ក្រៅច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាព​អនុវត្ត​ចលនា​បដិវត្ត​ពណ៌ ក្រោម​ផ្លាក ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ក្នុង​គោលបំណង​ដ៏​ខ្មៅ​ងងឹត ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ៕​