លំនៅដ្ឋាន​ដែល​សុំ​ច្បាប់​សាងសង់​ត្រឹម​អាជ្ញាធរ​ភូមិ​ឃុំ មិនទាន់​ជា​សំណង់​ស្របច្បាប់​ឡើយ​

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នៃ​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​លើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ថា រាល់​លំនៅដ្ឋាន ឬ​សំណង់​ដែល​សុំ​ច្បាប់​សាងសង់​ត្រឹម​អាជ្ញាធរ​ភូមិ​ឃុំ មិនទាន់​ជា​សំណង​ដែល​ស្របតាម​ច្បាប់​ឡើយ ព្រោះ​សំណង់​ដែល​ស្រប​ច្បាប់ មានតែ​ការ​មក​ស្នើសុំ​លិខិតអនុញ្ញាត​ច្បាប់​ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ និង​ពី​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ខេត្ត​ប៉ុណ្ណោះ​។

​លោក ម៉េង ហ៊ាន ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី បាន​បន្តថា ប្រជាពលរដ្ឋ ឬ​ម្ចាស់​សំណង់​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​សាងសង់ នៅ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ សាលាក្រុង​សៀមរាប​បាន ចំពោះ​សំណង់​ដែល​មាន​ទំហំ​ដី​ក្រោម​៥០០​ម៉ែត្រការ៉េ និង​ជា​សំណង​លំនៅដ្ឋាន តែ​បើ​ជា​សំណង់​អាជីវកម្ម​ត្រូវ​មក​សុំ​ច្បាប់​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត ចំពោះ​ក្រឡា​ផ្ទៃ​ដី​ធំ​ជាង​៥០០​ម៉ែត្រការ៉េ​ទៅ​៣០០០​ម៉ែត្រការ៉េ​ទោះជា​លំនៅដ្ឋាន​ឬ​សំណង់​អាជីវកម្ម ត្រូវ​សុំ​ច្បាប់​នៅ​មន្ទីរ​រៀបចំ​ដែនដី និង​ផ្ទៃក្រឡា​ធំ​ជាង​៣០០០​ម៉ែត្រ​ការ​រ៉េ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រសួង​រៀបចំ​ដែ​ដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​។

​លោក ម៉េង ហ៊ាន បានបញ្ជាក់​ថា ចំពោះ​នីតិវិធី​នៃ​ការសុំ​សិទ្ធិ​សាងសង់​សំណង់​បាន​ដូចជា ត្រូវ​មាន​ប្លង់​ដី​ជា​ប្លង់​កម្មសិទ្ធិ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ ត្រូវសុំ​បើក​ជើង​ម៉ែត្រ​(​ទំហំ​ដី​)​នៅ​មន្ទីរ​រៀបចំ​ដែនដី ត្រូវ​រក​អ្នក​គូស​ប្លង់​ជា​ស្ថាបត្យករ​ដែល​បាន​ចុះ​បញ្ជើ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគ​ររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ​