កម្ពុជា ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​គំរូ​ទាំង​៦ ដែល​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​ការចាប់ផ្តើម​ដំណើរការ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១២ ឆ្នាំ​២០១៨​នៅ​សាល​ប្រជ​រដ្ឋបាល​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ ឯកឧត្តម ថេង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ផែនការ នៃ​ក្រសួង​ផែនការ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​បាន​ចាត់ទុកថា កម្មវិធី​នេះ​គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ ក្នុង​ការជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យបាន​ឆាប់រហ័ស ដោយ​ចាប់ពី​ឆ្នាំ​២០១២​មក រាជរដ្ឋាភិបាល​បាន​វិភាជន៍​ថវិកា​បដិភាគ​ជា​បន្តបន្ទាប់ សម្រាប់​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​ទីជនបទ និង ចាប់ពី​ឆ្នាំ​២០១៥​មក រាជរដ្ឋាភិបាល​គឺជា​អ្នក​ផ្តល់​ថវិកា​ទាំងស្រុង​សម្រាប់​ការងារ​នេះ ។

​ឯកឧត្តម ថេង បញ្ញា​ធន មានប្រសាសន៍​ទៀត​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ចំណុច​គោលដៅ​ភាគច្រើន​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ជាពិសេស​លើ​ការកាត់បន្ថយ​ភាពក្រីក្រ​បាន​ឆាប់រហ័ស​ពី ៤០​ភាគរយ នៅក្នុង​ឆ្នាំ​២០០៧ មក​ក្នុង​រង្វង់ ១៩​ភាគរយ នៅក្នុង​ឆ្នាំ​២០១១ និង ក្នុង​រង្វង់ ១៣,៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​ថ្មីៗ​កន្លងទៅនេះ ស្ថិត​លើ​មោទនភាព​នៃ​ជោគជ័យ​ទាំងនេះ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អង្គការសហប្រជាជាតិ ជ្រើសរើស​យក​ជា​ប្រទេស​គំរូ​មួយ ក្នុងចំណោម​ប្រទេស​គំរូ​ទាំង​៦ ដែល​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ លើ​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំង ១៨៩ ប្រទេស ។

​ឯកឧត្តម​មាន​ប្រសាសន៍​បញ្ជាក់ទៀតថា ឆ្នាំ​២០១៨​នេះ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្រសួង​ផែនការ​នឹង​ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ ជុំ​ទី​១២ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៨ រួមមាន ៖ ខេត្ត​កំពង់ចាម , ត្បូងឃ្មុំ , ក្រចេះ , ស្ទឹងត្រែង , កំពង់ធំ , សៀមរាប , បន្ទាយមានជ័យ និង ខេត្ត​ឧត្តរមានជ័យ ក្នុងនោះ នៅ​ខេត្ត​សៀមរាប កម្មវិធី​នឹង​ដំណើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នៅតាម​បណ្តា​ភូមិ​នៅ​ទីជនបទ​ចំនួន ៩១៥​ភូមិ ដែល​កិច្ចការ​ទាំងនេះ គឺ​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ទិសដៅ​អទិភាព​របស់​រាជ​រដ្ឋភិបាល​កម្ពុជា ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​