ចុងភៅ​កម្ពុជា​ទទួល​ការបណ្ដុះបណ្ដាល​របៀប​ច្នៃ​មុខម្ហូប​ពី​ត្រី​សាល​ម៉ុ​ន​ដោយ​ចុងភៅ​ជនជាតិ​ថៃ​

នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប មាន​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​បង្ហាញ​ពី​របៀប​ច្នៃ​មុខម្ហូប​ផ្សេងៗ​ដោយ​ការប្រើប្រាស់​ត្រី​សាល​ម៉ុ​ន ដែល​បង្ហាញ​ពី​ការច្នៃប្រឌិត​មុខម្ហូប​ពី​ត្រី​សាល​ម៉ុ​ន​នេះ ដោយ​ចុងភៅ​ជនជាតិ​ថៃ និង​អ្នកជំនាញ​ផ្នែក​ត្រី​សាម៉ុន​មកពី​បរទេស​ផងដែរ និង មានការ​ចូលរួម​ពី​សំណាក់​ចុងភៅ​ក្នុង​សមាគម​ចុងភៅ​កម្ពុជា ដែលមាន​ស្នាដៃ និង​កំពុង​បម្រើសេវា​នៅតាម​បណ្តា​សណ្ឋាគារ​និង ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត ប្រមាណ​ជាង​២០០​នាក់ ។

​កញ្ញា Phloipraphak Janvivatsakul អ្នកគ្រប់គ្រង​ទីផ្សារ​មកពី​ប្រទេស​ថៃឡង់ បាន​ពន្យល់ថា​៖​ត្រី​សាម៉ុន​ត្រូវបាន​នាំចូល​ពី​ប្រទេស​ន័​រវេ​ស ហើយ​ត្រី​នេះ គេ​ចិញ្ចឹម​តាមបែប​ធម្មជាតិ​ដោយ​គេ​យក​កូន​ទៅ​ចិញ្ចឹម​ក្នុង​ទឹកសាប​រយៈពេល​មួយឆ្នាំ​កន្លះ​ទើប​ផ្ទេរ​ទៅ​ទឹកប្រៃ​មួយឆ្នាំ​កន្លះ​ទៀត ដោយ​ការផ្តល់​ចំណី​ពី​ការកែច្នៃ​បន្លែ​ធម្មជាតិ​លាយ​ជាមួយ​បង្គា​សមុទ្រ អាយុ​បាន​៣​ឆ្នាំ​ទើប​អាច​ចាប់​លក់បាន ។

​កញ្ញា​ពន្យល់​ទៀតថា នៅពេល​វា​ចូលមក​ដល់ទី​ផ្សារ គេ​ត្រូវ ការរក្សា​ទុក​វា​ក្នុង​ទូរ​ត្រជាក់​(​ក្លាសេ​)​ឱ្យបាន​ត្រឹមត្រូវ​គឺ សីតុណ្ហភាព​កម្រិត​ពី ២​ទៅ​៤​អង្សារ​សេ គេ​អាច​រក្សា​វា​ក្នុង​ទូរ​ត្រជាក់​រហូតដល់​១៤​ថ្ងៃ តែ​ល​ក្ខ័​ណ្ឌ​ល្អ​បំផុត​សម្រាប់​គុណភាព​និង​រស​ជាត​របស់​វា​រយៈពេល​ត្រឹមតែ​៧​ថ្ងៃ​គឺ​ល្អប្រសើរ​ជាង ហើយ​គេ​អាច​សម្គាល់ថា សាច់​វា​ស្រស់ ឬ​អន់សាច់ គឺ​គេ​ត្រូវ​ពិនិត្យ​លើ​ស្រកី​មាន​ពណ៌​ក្រហមព្រឿង សាច់​មិន​ទន់ជ្រាយ​ពេល​យកដៃ​សង្កត់​លើ​សាច់​វាៗ​នឹង​លោត​ឡើងមក​វិញ និង​ការដក​ឆ្អឹង​មាន​ភាពងាយស្រួល​មិន​តឹង​ពិបាក នោះ​បញ្ជាក់ថា​ត្រី​មានគុណ​ភាពល្អ​និង​នៅ​ស្រស់​មិន​អន់សាច់​ទេ ។

​លោក វិញ សាន ស្ថាបនិក​សមាគម​ចុង​ភៅ​កម្ពុជា​បានលើកឡើង​នេះ ត្រី​សាល​ម៉ុ​ន​បានផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​រៀងកាយ ដូចជា​ប្រូតេអ៊ីន​ជំនួយ​ដល់​សុខភាព​ជាដើម ដូច្នេះ​តាមរយៈ​បទ​បង្ហាញ​របស់​ចុងភៅ​ថៃ នឹង​រួមចំណែក​ធ្វើឱ្យ​ចុងភៅ​ខ្មែរ​យើង​មានគំនិត​ច្នៃប្រឌិត​មុខម្ហូប​ប្លែកៗ​ចេញពី​ត្រី​សាល​ម៉ុ​ន ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​អតិថិជន​ក្នុង​ភោជនីយដ្ឋាន​ឬ​សណ្ឋាគារ​របស់ខ្លួន ។

​លោក វិញ សាន បានបញ្ជាក់​ទៀតថា ត្រី​សាល​ម៉ុ​ន​នេះ​ក៏​អាច​ច្នៃ​ជា​មុខម្ហូប​ខ្មែរ​បាន​ផងដែរ ដូចជា​ស៊ុប ម្ជូរ ឬ​ស្ងោរជ្រក់​ជាដើម តាម​ការច្នៃប្រឌិត​រប​ស់​ចុងភៅ​នីមួយៗ ហើយ សមាគម​ចុងភៅ ក៏​គ្រោង​នឹង​រៀបចំ​ត្រី​សាល​ម៉ុ​ន​នេះ​ជា​មុខម្ហូប​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ​។​សមាគម​ចុងភៅ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ម្ហូបអាហារ​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​អង្គរ​លើក​ទី​២ នៅ​ខេត្តសៀមរាប​ក្នុងអំឡុង​ខែតុលា​នេះ ហេតុនេះ សមាគម​នឹង​ខិតខំ​រិះរក​កែច្នៃ​យក​សាច់​ត្រី​សាម៉ុន​ទៅធ្វើជា​ម្ហូប​អា​ម៉ុក​ដែលជា​មុខម្ហូប​លក្ខណៈ​ប្រពៃណី​ដ៍​ពេញនិយម​របស់​កម្ពុជា​ក្នុងចំណោម​មុខម្ហូប​ជាច្រើន​ទៀត ។

​សូមបញ្ជាក់ថា បទ​បង្ហាញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​អត្ថប្រយោជន៍​និង​វិធីសាស្ត្រ​នៃ​ការរក្សា​ទុកដាក់​ទៅតាម​កម្រិត​សីតុណ្ហភាព បង្ហាញ​ពី​របៀប ច្រៀក កាត់​ចៀរ ព្រលះ​សាច់​ត្រី​សាល​ម៉ុ​ន និង​វិធី​ច្នៃ​និង​ការ​ផ្សំ​គ្រឿង​ឱ្យ​កើតចេញ​ជា​មុខម្ហូប ដើម្បី​មាន​រសជាតិ​ប្រកបដោយ​អនាម័យ​សម្រាប់​បម្រើ​សេចក្តីត្រូវការ​តាម​ការចង់បាន​របស់​អ្នក​បរិភោគ ជាពិសេស គឺ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​ចុងភៅ ដើម្បីឱ្យ​ពួកគាត់​មាន​ភាពប៉ិនប្រសព្វ​ក្នុងការ​ប្រើប្រាស់​ត្រី​សាម៉ុន ច្នៃ​ឱ្យចេញ​ជា​មុខម្ហូប​ច្រើនបែប​ដែលមាន​រសជាតិ​និង​អនាម័យ ដើម្បី​បង្កើន​ប្រាក់ចំណេញ​សម្រាប់​អាជីវកម្ម​របស់ខ្លួន ។

​នៅ​កម្ពុជា គេ​ស្គាល់​ត្រី​សាម៉ុន​តាមរយៈ​ការបរិភោគ​ឆៅ​ជាមួយ​ទឹកជ្រលក់​ឬ​ទឹកស៊ីអ៊ីវ វា​ផ្តល់​ជាតិ​ប្រូតេអ៊ីន ផ្តល់​ជាតិ​អូ​មេ​ហ្គា​៣ ផ្តល់​ជាតិ​វិ​តា​មីន​A វីតាមីន​D និង​វី​តា មីន​B12 ដល់​អ្នក​ចូលចិត្ត​បរិភោគ​វា​។​ជាធម្មតា​ត្រី​សាម៉ុន​ត្រូវបាន​នាំចូល​តាម​យន្តហោះ មកកាន់​ទីផ្សារ​កម្ពុជា ចំនួន​ពីរ​តោន​កន្លះ​ក្នុង​មួយ​សប្តាហ៍ មកដល់​កម្ពុ​ជាមានរ​យៈ​ពេល​បី​ថ្ងៃ​គិតពី​ថ្ងៃ​ចាប់​និង​ការដឹកជញ្ជូន ។

​ផ្សារ​ម៉ាក្រូ ជា​ផ្សារ​ដែល​នាំចូល​ត្រី​សាល​ម៉ុ​ស្រស់ៗ​ដោយផ្ទាល់​ពី​ប្រទេស​ន័​រ​វែ​ស រៀងរាល់ថ្ងៃ​សៅរ៍ មាន​បរិមាណ​ចំនួន ២,៥​តោន និង​ប្រើពេល​៣​ថ្ងៃ​ចាប់​ពីថ្ងៃ​ចាប់ ដោយ​ដឹកជញ្ជូន​តាម​ជើងយន្តហោះ​នៅ​ភ្នំពេញ ខណៈ​ត្រី​នេះ អាច​រក្សាទុក​រហូតដល់​១៤​ថ្ងៃ ហើយ​ការចិញ្ចឹម​ត្រី​នេះ គឺ​ប្រើ​រយៈពេល​៣​ឆ្នាំ គេ​អាច​ទទួលបាន​ត្រី​ទម្ងន់​ពី​៥​ទៅ​៦​គីឡូក្រាម​ក្នុង​មួយ​ក្បាល ៕​