ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​ទាំងអស់ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​កខ្វក់ ដែល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​

យោងតាម​សេចក្ដីជូនដំណឹង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​កខ្វក់ PM 2.5 ដែល​កើតមាន​នៅក្នុង​ប្រទេស​ថៃ​។ ខ្យល់​កខ្វក់ PM 2.5 នេះ មាន​ធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដោយ​មាន​កម្ទេចធូលី​ជាច្រើន ហើយ​ធូលី​ទាំងនោះ​មាន​ទំហំ​តូច​ជាង​២,៥​មីក្រូ​ម៉ែត្រ​ទៅទៀត ដែល​គេ​ចាត់ទុកថា​មាន​ការប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​លើ​សរីរាង្គកាយ ជាពិសេស​ទៅលើ​សួត​តែម្ដង​។

​រាជរដ្ឋាភិបាល​ថៃ បានប្រកាសឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​ការពារ​សុខភាព​របស់​សិស្ស និស្សិត ពី​ខ្យល់​កខ្វក់ PM 2.5​។ ខ្យល់​កខ្វក់​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ទីក្រុង​បាងកក ខេត្ត​សាមុទ្រ​ប្រា​កាន ខេត្ត​សាមុទ្រ​សា​ខន ខេត្ត​ន​ន្ទ​បុរី ខេត្ត​ណា​ខម​ប៉ា​ធុម និង​ខេត្ត​ជាច្រើន​ទៀត​ក្នុង​ប្រទេស​ថៃ​។

អត្ថបទ​ដោយ លោក ហេង វ​ន្នី​