អ្នករបាំ​កម្ពុជា​-​ឥណ្ឌា សម្ដែង​របាំ​រួមគ្នា នៅ​ព្រលាន​ជល់​ដំរី នៃ​បរិវេណ​ប្រាសាទបាយ័ន ក្រោម​ទស្សនីយភាព ខ្ញុំ គឺជា​អង្គ​វត្ត ក្នុង​ព្រឹត្តិការណ៍​មហោស្រព​របាំ​ប្រពៃណី BHARATANATYAM អន្តរជាតិ​

ក្នុង​រយៈពេល​ពេញ​១​ថ្ងៃ នៃ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​សិល្បៈ​របាំ​របស់​ក​ម្ពុ​ជា​និង​ឥណ្ឌា បាន​សម្ដែង​របាំ​រួមគ្នា នៅ​ព្រលាន​ជល់​ដំរី នៃ​បរិវេណ​ប្រាសាទបាយ័ន ក្រោម​ទស្សនីយភាព ខ្ញុំ គឺជា​អង្គ​វត្ត ក្នុង​ព្រឹត្តិការណ៍​មហោស្រព​របាំ​ប្រពៃណី ផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា​និង​ឥណ្ឌា BHARATANATYAM អន្តរជាតិ ដែល​ខ្លឹមសារ​នៃ​របាំ​នេះ គឺជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ដោយ​ដកស្រង់​ចេញពី​ចម្លាក់​នៃ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ។

​លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ខ្ញុំ គឺជា​អង្គរវត្ត ( I am Angkor Wat ) គឺជា​ប្រធានបទ​ស្នូល នៃ​វណ្ណ​កម្ម​របាំ​សម្តែង​រួមគ្នា នៃ​ក្រុម​សិល្បករ សិល្បការិនី មកពី​វិទ្យាស្ថាន​សិល្បៈ Bharatanatyam នៃ​ប្រទេស​ឥណ្ឌា ជាមួយ​ក្រុម​សិល្បករ សិល្បការិនី នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ជាការ​ឆ្លុះ​បង្ហាញ​អំពី​ចំណង​ទំនាក់ទំនង​មិត្តភាព និង​ការទូត​ដ៏​ល្អ​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ឥណ្ឌា ដែលមាន​នៅក្នុង​ទំព័រ​នៃ​ពង្សាវតា​ខ្មែរ ក៏បាន​ចារឹក​ទុក​នូវ​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​នគរ​ខ្មែរ​និង​ឥ​ណ្ដា តាំងពី​ក្នុង​សតវត្សរ៍​ទី​១ ( សម័យ​ហ្វូណន ) និង​ការហូរចូល​វប្បធម៌​ឥណ្ឌា​ជា​បន្តបន្ទាប់​មកកាន់​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន​សាសនា​ហិណ្ឌូ និង​ព្រះពុទ្ធសាសនា ជាដើម ។​

​លោក មួន សុភាព បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​៣​ហើយ ដែល​មហោស្រព​របាំ​កម្ពុជា​-​ឥណ្ឌា មាន​វត្តមាន​បង្ហាញ​ទស្សនីយភាព​នៅ​ទី​លានជល់ដំរី​នៃ​តំបន់​អង្គរ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Seenu Gnanam Travels ប្រចាំ​សៀមរាប និង មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ។

​សូមបញ្ជាក់ថា ផ្ទាំងទស្សនីយភាព​សម្តែង​របាំ​រួមគ្នា កម្ពុជា​-​ឥណ្ឌា ខ្ញុំ គឺជា​អង្គរវត្ត ) ( I am Angkor Wat ) គឺជា​វណ្ណ​កម្ម​ថ្មី ដែល​ដឹកនាំ​ការហ្វឹកហាត់​និង​សម្តែង​ដោយ​លោក​បណ្ឌិត Sanjay សាស្ត្រាចារ្យ​របាំ​នៃ​វិទ្យាស្ថាន​សិល្បៈ Bharatanatyam ដោយ​ដកស្រង់​ប្រវត្តិសាស្ត្រ ចេញពី​ចម្លាក់​នៃ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ឲ្យ​ស្ថិតនៅ​ជាមួយ​ទេពកោសល្យ​នៃ​ការសម្តែង​របាំ​របស់​សិ​ល្បករ សិល្បការិនី ។

​ទាំង​អត្ថន័យ អត្ថរូប និង​អត្ថរស នៃ​ការសម្តែង គឺជា​ការបង្ហាញ​អំពី​ស្នា​ព្រះ​ហ​ស្ថ ឬ​ទ្ធិ​អំណាច​ជ័យ​ចេស្តា នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ដែន​នគរ​កម្ពុជា នា​សម័យកាល​អាណាចក្រ​អង្គរ​ដ៏​រុងរឿង និង​មាន​លើក​យកមក​សម្តែង​នៅក្នុង​របាំ​នោះ​ផងដែរ អំពី​ប្រវត្តិកាល​រឿង តាមបែប​ទេវ​កថា កូរ​សមុទ្រ​ទឹកដោះ ។​

​តាមរយៈ​នៃ​សមិទ្ធកម្ម​របាំ​មួយ​នេះ អ្នក​ដែល​បានឃើញ​ការសម្តែង ពិតជា​ត្រូវបាន​ចង់ឃើញ​រូបភាព​ពិត​នៃ​ប្រវត្តិសាស្ត្រ​អាណាចក្រ​អង្គរ ដែល​បានបង្ហាញ​ដោយ​ស្នាដៃ​ចម្លាក់​នៃ​ដូនតា​ខ្មែរ លើ​ជញ្ជាំង​នៃ​ប្រាសាទអង្គរវត្ត ៕