សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤ នៅ​ខេត្តសៀមរាប​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​នេះ សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤ នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​វត្តមាន​ចូលរួម​ជា​វាគ្មិន របស់​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ​ដែលជា​សមាជិកសមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា ចំនួន​ជាង​២០០​នាក់ ព្រមទាំង​វាគ្មិន​ជា​វេជ្ជបណ្ឌិត​មកពី​សឹង្ហ​បុរី និង ឥណ្ឌា ក្នុង​គោលបំណង ដើម្បី​ផ្តល់នូវ​វេទិកា​ដល់​អ្នកឯកទេស​ផ្នែក​រោគ​កុមា​រទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស បាន​ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធ​រវាង​គ្នា​ទៅវិញទៅមក ក៏ដូចជា​ផ្តល់នូវ​ចំណេះដឹង​ថ្មីៗ​ផ្នែក​រោគ​កុមារ ធ្វើយ៉ាងណា​ឱ្យ​អ្នកចូលរួម​អាច​ទាញយក​សារៈសំខាន់​សម្រាប់​ប្រើ​ជា​ប្រយោជន៍​ក្នុងការ​ថែទាំ​កុមារ និង​ព្យាបាល​ដល់​កុមារ​កម្ពុជា​។

​គួរ​បញ្ជាក់ថា ប្រធានបទ​នៃ​សន្និសីទ​ឆ្នាំនេះ គឺ​បង្ហាញ​អំពី​៖ ទី​១. សណ្ឋាន​ធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម និង​ក្បួន​ព្យាបាល​ជំងឺគ្រុនឈាម ដែល​នៅតែ​ជា​ចំណោទបញ្ហា​គំរាមកំហែង​ដល់​ជីវិត​កុមារ​កម្ពុជា ជាពិសេស​នៅ​ឆ្នាំនេះ គេ​ឃើញ​ការកើនឡើង​នៃ​ជំងឺ​នេះ ដែល​កំពុងតែ​យាយី​ដល់​ជីវិត​កុមារ​កម្ពុជា​គួរឱ្យ​ព្រួយបារម្ភ , ទី​២. ការ​ធាត់​ខ្លាំង​នៃ​កុមារ​ដោយសារ​កត្តាបរិស្ថាន​ជុំវិញ​ជីវភាព​កុមារ​និង​កត្តា​តំណពូជ​របស់​កុមារ , ទី​៣. ការបង្ហាញ​ពី​ផលវិបាក​នៃ​ការមើល​អេក្រង់​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក មាន​ទូរស័ព្ទ​ជា​ដើ​ចំពោះ​កុមារ​និង​ជាពិសេស​កុមារ​តូចៗ , ទី​៤. ការព្យាបាល​ជំងឺ​រលាក​និង​ដំបៅ​ក្រពះ​បណ្តាលមកពី​មេរោគ​បា​តេ​រី​ឈ្មោះ អេ​លី​កូ​បាក់​ទែ​រ​ពី​ឡូរី , ទី​៥. ជំងឺ​មេ​ឡូ​អ៊ី​ត គឺជា​ជំងឺ​បណ្តាលមកពី​បាក់តេរី​ម្យ៉ាង​ឈ្មោះ បូ​គោ​ដេ​រា ស៊ី​ដូ​ម៉ា​ឡេ​អ៊ី ដែល​ច្រើន​កើត​នៅ​រដូវភ្លៀង​និង​ជា​ជំងឺ​ពិបាក​ព្យាបាល ជាពិសេស​វា​មាន​លក្ខណៈ​កាច​ដែល​បណ្តាលឱ្យ​កុមារ​ស្លាប់​ក្នុង​អត្រា​ខ្ពស់ , ទី​៦. ការបង្ហាញ​អំពី​ការព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ការប្រើប្រាស់​ថ្នាំលេប ឬ​ចាក់ ដោយ​មិនបាច់​វះកាត់​ឬ​រង់ចាំ​ឱ្យ​កុមារ​ធំធាត់​ដល់ពេល​ដែល​អាច​វះកាត់​បាន និង ទី​៧. ការបង្ហាញ​ពី​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​ដោយ​វិទ្យាស្ថាន​ប៉ា​ស្ទើរ​កម្ពុជា ៕​