សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ការងារ​លើក​ទី​៣ ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស​កម្ពុជា , ឡាវ , មី​យ៉ាន់​ម៉ា , ថៃ និង ប្រទេស​វៀតណាម ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស​កម្ពុជា , ឡាវ , មី​យ៉ាន់​ម៉ា , ថៃ និង ប្រទេស​វៀតណាម ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា CLMTV ក្រោម​ប្រធានបទ ” ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ នៅក្នុង​ប្រទេស CLMTV ៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម ” ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​អប្សរា​ផា​ឡេស ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ជាក់ថា​៖ កម្ពុជា​ពិតជា​មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ដ៏​មាន​សារៈ​ខាន់​នេះ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ទេ​សន្តរ​ប្រវេ​ស៍កា​រងារ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធិភាព ដែល​ផ្តល់​អត្ថិភាព​លើ​ការកែ​តម្រង់​គ្រប់​វិស័យ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយចំនួន ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ក្របខណ្ឌ​គោ​នយោបាយ​ជាតិ​គាំពារ​សង្គម និង​ការ​គាំពារ​ពលករ​ទេ​សន្តរ​ប្រវេ​ស៍​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ថែមទៀត​ថា បន្ទាប់ពី​កសាង​ជាតិ​ឱ្យ​កាន់​រីកចម្រើន​ជា​លំដាប់​នោះ ជា​លទ្ធផល​កម្ពុជា​បានដាក់ ឱ្យ​ដំណើរការ​នូវ​របប​ហានិភ័យ​ការងារ ថែទាំ​សុខភាព និង​សោធន​និវត្តន៍​ដែល​គ្របដណ្តប់​លើ​សហគ្រាស គ្រឹះស្ថាន ផ្នែក​ផលិតកម្ម ផ្នែក​សេវាកម្ម និង​ផ្នែក​សាធារណៈ ស្ទើរតែ​១០០​ភាគរយ នៃ​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ ហើយ​ទន្ទឹមនឹងនេះ កម្ពុជា​កំពុង​រៀបចំ និង​ដាក់ឱ្យអនុវត្ត​ច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​ពង្រីក​វិសាលភាព​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​ស្វ័យ​និ​យោជន៍ និង​ពលករ​ទេសន្តរប្រវេសន៍ ផងដែរ​។

​គួរ​បញ្ជាក់ថា នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​កម្ពុជា មានប្រសាសន៍ថា ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន បាន​ប្តេជ្ញា​រួមគ្នា​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​តាម​រយៈ​ការចេញ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វីលីពីន ឆ្នាំ​២០០៧ និង​បានចេញ​ឯកច្ឆន្ទ​ភាព​អាស៊ាន ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ឆ្នាំ​២០១៧ ហើយ​បើទោះបី​ជាមាន​លិ​ខិ​តូ​បក​រណ៍​អាស៊ាន និង​បទដ្ឋាន​អន្តរជាតិ​ក៏ដោយ រដ្ឋ​ជា​សមាជិក​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​នៅក្នុង​ប្រទេស​របស់ខ្លួន​ដើម្បី​ធានាថា​សិទ្ធិ ផលប្រយោជន៍ កិត្តិយស និង​សេចក្តី​ថ្លែ​ថ្នូរ​របស់​ពលករ​ទេស​ន្ដ​រ​ប្រវេសន៍​ត្រូវបាន​ធានា ក្នុងនោះ​ប្រទេស​ជា​សមាជិក​បាន​បង្កើតឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាច្រើន ដែល​ជាក់ស្តែង កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស CLMTV ត្រូវបាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្រូវការ​ប្រទេស​ទាំង​៥​នេះ​។

​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍​បន្ថែមថា តាមរយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ យើង​បាន​រួមគ្នា​ផ្តួចផ្តើម​គិតគូរ​ជាពិសេស​លើ​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ នៃ​បណ្តា​ប្រទេស​ទាំង​៥ ជាពិសេស ផ្អែក​តាម​សេចក្តីថ្លែងការណ៍​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៧ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៤ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម យើង​បាន​ឯកភាពគ្នា​ជំរុញឱ្យមាន​យន្តការ​ក្នុងការ​ផ្ទេរ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ពី​ប្រទេស​ទទួល​មក​ប្រទេស​បញ្ជូន​ពលករ ដោយបាន​ផ្ដួច​ផ្ដើមគំនិត​មួយចំនួន ជាអាទិ៍ ៖ ទី​១. សិក្សា​រៀបចំ​ច្បាប់ និង​គោលនយោបាយ​ជាតិ​មាន​សង្គតិភាព​គ្នា​ជាមួយនឹង​បទដ្ឋាន ឬ​លិខិត​តូ​បក​រណ៍​គតិយុត្ត​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ , ទី​២. ផ្តល់ និង​ផ្លាស់ប្តូរ​ទិន្នន័យ​ជាក់លាក់​អំពី​ពលករ​ទេសន្តរប្រវេសន៍​ដែល​គ្របដណ្តប់​ដោយ​របប​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស CLMTV , ទី​៣. បង្កើន​ការចូលរួម​របស់​កម្ម​ករ​និយោជិត និយោជក និង​រដ្ឋាភិបាល​នៅ​កម្រិត​ជាតិ ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​គំនិត​ផ្តួចផ្តើម​អំពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ទី​៤. ធ្វើ​ការងារ​ឆ្ពោះទៅកាន់​ការរៀបចំ​ក្របខណ្ឌ​រួម​សម្រាប់​ប្រទេស CLMTV ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ , ទី​៥. ជំរុញ​ការចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ចំពោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ , ទី​៦. ពង្រឹង​យន្តការ​នៅក្នុង​ប្រទេស CLMTV អំពី​របៀប​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម និង ទី​៧. លើកកម្ពស់​ការសម្របសម្រួល​រវាង​ស្ថាប័ន​ទទួលបន្ទុក​របប​ស​ន្តិ​សុខ​សង្គម​នៅក្នុង​ប្រទេស CLMTV ៕​