មុន​ពេល​ឃោសនា និង​ពេល​បោះឆ្នោត​ខាងមុខនេះ​ កងកម្លាំង​អន្តរាគម​ន៍​ពិសេស ត្រៀម​លក្ខណៈ​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព

មានប្រសាសន៍​ក្នុងឱកាស​ត្រួតពិនិត្យ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ចំនួន​២០០​នាក់ ដែល​កំពុង​តែ​ហ្វឹកហាត់​និង ត្រៀម​ប្រចាំការ​ក្នុង​ការជួយ​អន្តរាគមន៍​នៅពេល​មាន​ហេតុការណ៍​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ឧត្តមសេនីយ៍ ទិ​ត្យ ណា​រ៉ុង ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃ​បោះឆ្នោត កងកម្លាំង​អន្តរាគមន៍​ពិសេស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង រង់ចាំ​ទទួលបញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​រាល់​សភាពការណ៍​ដែល​កើតមានឡើង​ជា​យថាហេតុ ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព គឺ​មិន​អាច​ឲ្យ​កើតមាន​នូវ​អំពើ​ណាមួយ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុងពេល​ឃោសនា​បោះឆ្នោត និង​ពេល​បោះឆ្នោត​ខាងមុខ​នេះ​នោះ​ទេ ដោយ​ធានាបាន​នូវ​ដំណើ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​រលូន ដោយ​យុត្តិធម៌ ដោយ​ត្រឹមត្រូវ និង ដោយ​គ្មាន​ការ​គម្រាមកំហែង​ពី​ក្រុម​ជន​អគតិ​ណាមួយ​ឡើយ ។

​លោក ទិ​ត្យ ណា​រ៉ុង បាន​មានប្រសាសន៍​ទៀតថា តាម​បទបញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សតិ​បណ្ឌិ​ត នេ​ត សាវឿន អង្គ​ស្នងការ​នគ​បាល​ជាតិ បានដាក់​បញ្ជា​ឲ្យ​គ្រប់​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ខេត្ត ទាំងអស់​ទូទាំង​ប្រទេស ត្រូវ​រៀបចំ​កងកម្លាំង​អន្តរាគមន៍​ពិសេស តាម​បណ្តា​រាជធានី​ខេត្ត ខណៈ​ខេត្ត​មួយចំនួន​ដែល​ជា​ខេត្ត​ធំ ត្រូវ​មាន​កម្លាំង​ចំនួន​២០០​នាក់ និង​ខេត្ត​តូច មាន​ចំនួន ១២០​នាក់ ដូច្នេះ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ចំពោះ​មុខ​នេះ សូមឲ្យ​កម្លាំង​នគរបា​ល​អន្តរាគមន៍​ពិសេស​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន​ឲ្យបាន​មធ្យ័ត​បំផុត ជា​ពិសេស​ត្រូវ​តាមដាន ត្រួតពិនិត្យ​សភាពការណ៍ និង ត្រៀម​អន្តរាគមន៍ តាម​ការស្នើសុំ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងករណី​មាន​ការអុកឡុក ការគំរាមកំហែង អំពើហិង្សា​ល្មើសច្បាប់​ផ្សេងៗ ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេល​ខាងមុខ​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ និង លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​