អង្គការ​ស៊ី​ប៊ី​យ័ន បរ​ឌឺរ ផ្ដល់​ពានរង្វាន់​ជូន​គ្រូបង្រៀន​ឆ្នើម​ថ្នាក់​កំរិត​បឋមសិក្សា​នៅ​ខេត្ដ​សៀមរាប និង​ខេត្ដ​បាត់ដំបង ចំនួន​១២​នាក់​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អង្គការ​ស៊ី​ប៊ី​យ័ន បរ​ឌឺរ ( Seebeyon Border) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ផ្នែក​វិស័យ​អប់រំ​នៅ​ខេត្ដ​សៀមរាប និង​ខេត្ដ​បាត់ដំបង បានសម្រេច​ផ្ដល់​ពានរង្វាន់​ជូន​គ្រូបង្រៀន​ឆ្នើម ឬ​វីរៈ​គ្រូបង្រៀន ផ្នែក​កំរិត​បឋមសិក្សា​ចំនួន​១២​នាក់ ក្នុងនោះ​មាន​ស្រី​១០​នាក់ មកពី​ខេត្ដ​បាត់ដំបង​ចំនួន​០៦​នាក់ និង​នៅ​ខេត្ដ​សៀមរាប​ចំនួន​០៦​នាក់ ដើម្បី​លើកទឹកចិត្ដដ​ល់​ពួកគាត់ ដែល​បាន​អប់រំ​កុមារ​នៅ​កំរិត​បឋមសិក្សា​បានល្អ ទៅលើ​មុខវិជ្ជា​ភាសារ​ខ្មែរ និង​គណិតវិទ្យា ដែល​ធ្វើ​ឲ្យ​សិស្ស​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា​។

​លោក ភឹង ពៅ ប្រធាន​អង្គការ​ស៊ី​ប៊ី​យ័ន បរ​ឌឺរ បាន​ឲ្យ​ដឹងថា វីរៈ​គ្រូបង្រៀន​ឆ្នើម​ទាំង​១២​នាក់ ពួកគាត់​ទាំងអស់គ្នា​នេះ ត្រូវបាន​អង្គការ​រកឃើញថា ពួកគាត់​ជា​គ្រូ​ឆ្នើម ដែល​បាន​អប់រំ​កុមារ​ឲ្យ​មានគុណ​ភាពល្អ និង​សមត្ថ​ភាពល្អ និង​ជា​គ្រូបង្រៀន​បាន​យក​ចិ​ត្ដ​ទុកដាក់​ពី​សុខុមាលភាព​សិស្ស​នៅក្នុង​ថ្នាក់រៀន ដែល​បានធ្វើ​សិស្សានុសិស្ស​ទទួលបាន​ល​ទ្ធ​ផល​ក្នុងការ​សិក្សា ហើយក៏​ជា​លើក​ទី​១​ផងដែរ នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការផ្ដល់​ពានរង្វាន់​ជូន​គ្រូបង្រៀន​ឆ្នើម​ថ្នាក់​កំរិត​បឋមសិក្សា ។

​លោក ភឹង ពៅ បាន​ឲ្យ​ដឹង​ទៀតថា កម្មវិធី​គ្រូ​ល្អ​នេះ​ជា​រឿង​តូចតាច ប៉ុន្ដែ​ចង់បង្ហាញ​ពី​វីរៈ​ភាពជា​គ្រូបង្រៀន​គាត់​មានការ​ប្ដេជ្ញា​ខ្ពស់​ក្នុងការ​បង្រៀន ក៏ដូចជា​ការយក​ចិ​ត្ដ​ទុកដាក់​អប់រំ​ក្មេង បណ្ដុះ​ឆន្ទៈ ជា​ពលរដ្ឋ​ល្អ មាន​ភាព​ច្នៃប្រឌិត ចេះ​សាមគ្គី​គ្នា មានចំណេះដឹង​ល្អ អំពើ​ល្អ បណ្ដុះ​គំនិត​ឥរិយាបថ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ដែល​សកម្មភាព​ទាំងនោះ បានធ្វើ​ឲ្យ​មានការ​ស្ងប់​ស្ញែង​យ៉ាងខ្លាំង​របស់​គម្រោង នៃ​អង្គការ​ស៊ី​ប៊ី​យ័ន​បរ​ឌឺរ​នេះ ហើយ​ការផ្ដល់​ពានរង្វាន់​គ្រូ​ល្អ​នេះ ដើម្បី​លើកទឹកចិត្ដដ​ល់​គ្រូបង្រៀន​ទាំង​១២​នាក់​នោះ ហើយ​ការផ្ដល់​ពានរង្វាន់​គ្រូ​ឆ្នើម​នេះ ជា​លក្ខណៈ​អន្ដរជាតិ ដែលមាន​គ្រូ​អន្ដរជាតិ​ក៏បាន​ជួយ​លើកទឹកចិត្ដដ​ល់​គ្រូខ្មែរ​ផងដែរ ។

​លោក ភឹង ពៅ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា អង្គការ​ស៊ី​ប៊ី​យ័ន​បរ​ឌឺរ បានធ្វើការ​លើកកម្ពស់​ផ្នែក​វិស័យ​អប់រំ​តាំងពី​ឆ្នាំ​២០០៩ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​របស់​ប្រទេស​អូស្ដ្រាលី ដែលមាន​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​ប្រទេស​កម្ពុជា ធ្វើការ​ជាមួយ​សហគមន៍​ជនបទ​នៃ​សាលាបឋមសិក្សា ដែល​បាន​អនុវត្ដ​កន្លងមក​មាន​ជាង​៨០​សាលា ស្ថិតនៅ​ខេត្ដ​សៀមរាប និង​ខេត្តបាត់ដំបង ដោយមាន​លោកគ្រូ​អ្នកគ្រូ​ចូល​ប្រមាណ​ជាង​៤០០​នាក់​៕​