នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បង្ហាញថា ការចម្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​មិនមែន​ហោះហើរ​ក្នុង​ខ្យល់​ទេ​

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល បាន​សរសេរ​លើ​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់ខ្លួន​ថា មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ឆ្លង​តាមរយ​:​ដំណក់​ទឹកតូចៗ ដែល​ខ្ទាត​ចេញមកក្រៅ​តាមរយ​:​ក្អក ឬ​កណ្តាស (​មិនមែន​ហោះហើរ​ក្នុង​ខ្យល់​ទេ​) ។ ត្រូវ​ចងចាំ​ថា ដំណក់​ទឹកតូចៗ​អ្នកជំងឺ​ដល់ទី​ណា មេរោគ​នឹង​ទៅដល់​ទីនោះ ។

​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ចំងាយ​ខ្ទាត​ចេញ​ពីមុខ​មនុស្ស​យើង​ចំងាយ​បាន ៣​ហ្វី​ត បើ​គិតពី​រង្វាស់​ម៉ែត្រ​គឺ ៩០​សង់ទីម៉ែត្រ ។ ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​លើសពី​១​ម៉ែត្រ យើង​នឹង​គេច​ផុតពី​ដំណក់​ទឹកតូចៗ​ទាំងនោះ ។​

​ពេល​អ្នកជំងឺ​ក្អក​ឬ​កណ្តាស​ម្តងៗ បណ្តាលឱ្យ​ខ្ទាត​ទៅលើ​ផ្ទៃ​ផ្សេងៗ ដូចជា​លើ​តុ លើ​ជញ្ជាំង លើ​បង្កាន់ដៃ ។ ល​។ និង​ដៃ​របស់គាត់​ក្រោយ​ញី​ច្រមុះ​ប្រលាក់​សំបោរ ប៉ះ​ដៃ​ទ្វារ​ប៉ះ​ជញ្ជាំង​ប៉ះ​បង្កាន់ដៃ ដែល​អ្នកជា​ប៉ះ​ផ្ទៃ​ទាំងនោះ​បណ្តាលឱ្យ​ឆ្លង​ពេល​យើង​ប៉ះ​មុខ​និង​ច្រមុះ ។

​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ក្នុង​មួយថ្ងៃ​មនុស្ស​យើង​ប៉ះ​មុខជា​មធ្យម ៦០​ដង ។ ហេតុដូច្នេះ តំរូវឱ្យ​អ្នកជំងឺ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​កុំឱ្យ​ខ្ទាត​ចេញមកក្រៅ និង​ទាំង​អ្នក​ឈឺ​និង​អ្នកជា​ត្រូវតែ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជេ​ល ជាដើម ។​

​ចំពោះ​អ្នកជា​ពុំ​ចាំបាច់​ពាក់​ម៉ាស់​ទេ គឺ​យើង​ពាក់​ម៉ាស់​នៅពេល​ចាំបាច់​ដូចជា កន្លែង​ប្រមូលផ្តុំ សួរ​សុខ​ទុក​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ ហើយ​គ្រវាត់​ម៉ាស់​ក្នុង​ធុងសំរាម​ភ្លាម​ក្រោយ​ប្រើប្រាស់ ។​
​ពត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥ ៕