ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​សាលប្រជុំ​ធំសាលា​ខេត្តសៀមរាប បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រុង ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ​ក្នុង​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលក្រុង​ស្រុក និង មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត​ជាច្រើនរូប ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ដំណើរ​វិវត្តន៍​រីកចម្រើន នៃ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង កម្មវិធី​នយោបាយ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​ពិសេស​នោះ​គឺ​កំណែទម្រង់រដ្ឋបាល​សាធារណៈ កម្មវិធី​នយោបាយ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ រួមបញ្ចូល​ទាំង​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ ដែល​នាំ​ឲ្យ​មានការ​ធានាបាន នូវ​ការគ្រប់គ្រង​មួយ​ប្រកបដោយ​អភិបាលកិច្ច​ល្អ ប្រជាធិបតេយ្យ ធានាបាន​ការចូលរួម​របស់​ប្រជាជន និង​បង្កើនបាន​នូវ​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​ទៀតថា ឆ្នាំ​២០១៩-២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ជំរុញ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ ឲ្យ​ឈានចូល​តំណាក់កាល​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដែល​ក្នុងនោះ​មាន​កិច្ច​ការសំខាន់ៗ​ជា​អាទិភាព​ចំនួន​៤ គឺ ទី​១- ការបង្កើន​ផ្ទេរ​មុខងារ​និង​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ , ទី​២- ការផ្ទេរ​មន្ត្រី​បុគ្គលិក​របស់​ក្រសួងមហាផ្ទៃ​ប្រមាណ​ជា​៦.០០០​នាក់ មកជា​មន្ត្រី​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ , ទី​៣- ការកែសម្រួល​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រុង​-​ស្រុក និង​ទី​៤- បង្កើន​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​ដល់​រដ្ឋបាល​ឃុំ​សង្កាត់ ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​បន្ថែមទៀត​ថា ទោះបី​ឯកឧត្តម លោកជំទាវ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្សនយោបាយ​ផ្សេងគ្នា​ក៏ពិតមែន តែ​គោលការណ៍​ច្បាប់​ក្រុមប្រឹក្សា គឺជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ក្នុងការ​បម្រើ​នូវ​ផលប្រយោជន៍ និង សេចក្តី​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ មិន​ប្រកាន់​និន្នាការ គណបក្សនយោបាយ​ឡើយ ដូច្នេះ​ដើម្បី​សម្រេចបាន​ភារកិច្ច​ទាំងនេះ ត្រូវខិតខំ​ពង្រឹងស្មារតី សាមគ្គី​ឯកភាព​ផ្ទៃក្នុង ឲ្យ​បានល្អ​ក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង កងកម្លាំង​សមត្ថកិច្ច លើកកម្ពស់​ការទទួល​ខុសត្រូវ ភាពម្ចាស់ការ ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុងការ​ឆ្លើយតប​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច របស់ខ្លួន ព្រមទាំង​ត្រូវយក​ចិ​ត្ដ​ទុកដាក់​បំពេញភារកិច្ច ដើម្បី​ការពារ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ និង សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ។​

​សូម​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​សម្រាប់​អណ​ត្តិ​ទី​៣​នេះ មាន​សមាសភាព​ចំនួន​២៧​រូប ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៦​រូប និង មកពី​គណបក្ស​រួបរួម​ជាតិ​ចំនួន​១​រូប ក្នុងនោះ​មាន​ស្ត្រី​ចំនួន​០៣​រូប និង មាន​ជនជាតិខ្មែរ​ឥស្លាម​ចំនួន​០១​រូប ដែលមាន​ឯកឧត្តម អ៊ឹង ហឿន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ៕​