ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា បញ្ជាក់ថា វិស័យ​កសិកម្ម ជា​សក្តានុពល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជាជន​ក្នុង​ខេត្តសៀមរាប ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ​១៩

ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា មានប្រសាសន៍ថា បើទោះជា​ខេត្ត​ទេសចរណ៍​សៀមរាប​-​អង្គរ រង​ផល​ប៉​ពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ប៉ុន្តែ​ដោយមាន​យុទ្ធសាស្ត្រ​ឆ្លើយតបបាន​ទាន់ពេលវេលា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ងើបឈរ​ឡើង​រឹងមាំ​ជាង​មុន ក្នុង​ការជួយ​រក្សា​លំនឹង​ជីវភាព​ប្រជាជន​កម្ពុជា ហើយ​បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ខេត្តសៀមរាប បាន​បង្ហាញថា វិស័យ​កសិកម្ម​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០​នេះ អនុវត្តបាន​ជាង​៩៩​ភាគរយ​នៃ​ផែនការ នេះ​បញ្ជាក់​ឲ្យ​ឃើញថា បើទោះជា​ខេត្តសៀមរាប ដែល​ត្រូវ​ពឹងផ្អែក​ជា​ចម្បង​ទៅលើ​វិស័យ​ទេសចរណ៍​នោះ ប៉ុន្តែ​ពេលនេះ​វិស័យ​កសិកម្ម​បាន​ងើបឈរ​ឡើង ក្នុង​ការជួយ​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត ក្នុងស្ថានភាព​នៃ​ការរង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ពិសេស​នៅមាន​លទ្ធភាព​នាំចេញ​ស្រូវ​អង្ករ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។

​ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ជួបប្រជុំ​ការងារ​ត្រួតពិនិត្យ​អំពី​វឌ្ឍនភាព​លើ​វិស័យ​សំខាន់ៗ​មួយចំនួន ជាមួយ​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប រួម​ជាមួយនឹង​មន្ត្រី​អ្និ​កមុខ​អ្នកការ​សំខាន់ៗ​ជាច្រើនរូប​ទៀត​ក្នុង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០

​ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ និង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​កំពុង​ធ្វើ​ឲ្យ​ពេលវេលា​នេះ បាន​ក្លាយទៅជា​កាលានុវត្តន៍​សម្រាប់​ពង្រឹង​និង​ពង្រីក​វិស័យ​កសិកម្ម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ទីផ្សារ និង​ជីវភាព​ប្រជាជន បន្ត​ពុះពារ​គ្រប់បែបយ៉ាង ដើម្បី​នាំយក​ការអភិវឌ្ឍ​នេះ ឆ្លងកាត់​ការលំបាក​ប្រកបដោយ​ជោគជ័យ ពិសេស​គោលនយោបាយ​ជំនួយ​សង្គម ជាការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងនោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩ ដែល​កម្មករ , និយោជិត និង អ្នក​បាត់បង់​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវាកម្ម ហើយ​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ឈានទៅ​មុខ​រហូត​ឆ្លង​ផុត​បញ្ហា​ប្រឈម​ទាំងឡាយ​នោះ ។

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ក្នុងនាម​រដ្ឋបាលខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា និង ប្រតិភូ​អមដំណើរ ក្នុង​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​អំពី​វឌ្ឍនភាព​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​នាពេលនេះ ព្រមទាំង​បានបញ្ជាក់​ពី​ផលវិបាក​ដែល​លេច​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹមតែ​ជិត​៤​សែន​នាក់ គឺ​ថយចុះ​រហូតដល់​៦៨,៨៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ដែលមាន​ភ្ញៀវ​ចូលមក​ទស្សនា​ខេត្តសៀមរាប​សរុប​ជាង ១​លាន ២​សែន​នាក់ ។

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ជាពិសេស​លើ​កម្រិតជីវភាព​ប្រជាពលរដ្ឋ រួមចំណែក​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហើយ​តាមរយៈ​នៃ​ភាពប្រែប្រួល នៃ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នេះ នៅ​ខេត្តសៀមរាប បានកត់សំគាល់​ឱ្យឃើញថា តាមរយៈ​អត្រា នៃ​ភាពក្រីក្រ ពី​៣២,៤០​ភាគរយ ក្នុង​ឆ្នាំ​២០០៩ ដោយបាន​ថយ​ចុះមក​នៅត្រឹមតែ​២១,១៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ បានធ្វើឱ្យ​ខេត្តសៀមរាប ដែលជា​ខេត្ត​ក្រីក្រ​ជាងគេ​បំផុត លំដាប់​លេខ​រៀង​ទី​២ ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ឆ្នាំ​២០០១ បាន​ងើបឡើង​យ៉ាង​រហ័ស​ទៅ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៩ នៅ​ឆ្នាំ​២០១៨​នេះ ។

​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បី​ឆ្លើយតប​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង អនុវត្តតាម​អនុសាសន៍​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋបាលខេត្ត បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ជាច្រើន ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដូចជា​ការជំរុញ និង បំផុស​ឲ្យ​បង្កើន​ការចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ និង ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ពិសេស​លើ​ការ​ចលនា​ប្រជាកសិករ​ដាំ​បន្លែ​សុវត្ថិភាព កំពុង​បាន​ក្លាយជា​កម្មវត្ថុ​ដ៏​មុត​ស្រួច​របស់​រដ្ឋបាលខេត្ត ៕