ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា លើកទឹកចិត្ត​ឲ្យ​កសិករ​ក្នុង​ខេត្តសៀមរាប រួមគ្នា​ចងក្រង​ជា​សហគមន៍​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​

ក្នុងឱកាស​ចុះសួរសុខទុក្ខ​និង​ស្វែងយល់​អំពី​កត្តា​រីកចម្រើន និង​បញ្ហា​ប្រឈម​នានា នៅ​នៅ​កសិដ្ឋាន​ដាំ​ដំណាំ​និង​ចិញ្ចឹមសត្វ​មួយកន្លែង របស់​សហគមន៍​សំរោង​មានជ័យ ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា ខេត្តសៀមរាប គឺជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ធំ​និង​សំខាន់​ដែលមាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​បរទេស​ចូលមក​ទស្សនា​រាប់លាន​នាក់​ក្នុង​១​ឆ្នាំៗ ហើយ​ការហូបចុក​វា​ជា​តម្រូវការ​ចាំបាច់​បំផុត ដែល​បញ្ហា​នេះ គឺជា​ភ្លើង​សញ្ញា​បង្ហាញថា វិស័យ​ទេសចរណ៍​គឺ​ទីផ្សារ​ដ៏​ធំ​បស់​កសិករ ក៏ប៉ុន្តែ​វិស័យ​ទេសចរណ៍​ត្រូវ​បិទទ្វារ​ក្នុងអំឡុង​ពេលដែល​ជំងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត​ក្នុង​ពិភពលោក ដូច្នេះហើយ​អំឡុង​ពេលនេះ ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ធានា​សុវត្ថិភាព​ស្បៀង​ក្នុងស្រុក ពង្រីក​វិសាលភាព​ផលិតផល​ប្រកបដោយ​គុណភាព ត្រៀមលក្ខណៈ​សម្បត្តិ​ចូលក្នុង​ទីផ្សារ​ទេសចរណ៍ ក្រោយពី​វិបត្តិ​កូ​វីដ​១៩ ត្រូវបាន​ធូរស្រាល​ឡើងវិញ ។​

​ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍​បន្ថែមថា នៅក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ ខេត្តសៀមរាប​បាន​ចងក្រង​ជា​សហគមន៍​ចំនួន​៥៨​សហគមន៍ ដែល​បញ្ហា​នេះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ប្រមូលផ្តុំ​កម្លាំង​សាមគ្គី រួម​គិត រួម​ធ្វើ ទាញយក​ផលប្រយោជន៍​ទាំងអស់គ្នា ព្រោះ​សហគមន៍​និ​មួយៗ​សុ​ទ្ឋ​តែមាន​គោលដៅ និង​កម្មវិធី​រយៈពេល​ខ្លី​ឬ​វែង មិនថាតែ​សហគមន៍​ផ្នែក​បន្លែ សហគមន៍​ចិញ្ចឹមសត្វ​ទេ គឺ​យើង​ចង់បាន​ការបង្កើត​សហគមន៍​ឱ្យបាន​កាន់តែច្រើន ព្រោះ​ថាបើ​គ្មាន​សហគមន៍​ទេ យើង​មិនមាន​កម្លាំង​រួម​ក្នុង​ការជួយ​យឹតយោង​សាមគ្គី​គ្នា ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក​នោះទេ ដូច្នេះ​ក្នុង​កាលៈទេសៈ​នេះ យើង​គ្មាន​ជម្រើស​ណា​ក្រៅពី​សហគមន៍​ឡើយ ហេតុនេះ សូម​ឲ្យ​អាជ្ញាធរខេត្ត ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សហគមន៍ ជាពិសេស​មន្ត្រី​ជំនាញ​កសិកម្ម ត្រូវ​ស្រាវជ្រាវ​ចងក្រង​ពី​ទីតាំង​ដី​ថា​តើ​គួរ​ដាំ​ដុះ​អ្វី​បាន​ខ្លះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ រួមទាំង​ការជួយ​បណ្ដុះបណ្ដាល​អំពី​បច្ចេកទេស​នៃ​ការដាំដុះ និង ការចិញ្ចឹម​សត្វ​ដល់​កសិករ​បន្ថែមទៀត ។​

​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា មានប្រសាសន៍​បន្ថែមទៀត​ថា ផ្អែក​តាម​សំណូមពរ​របស់​កសិក​រ​ដែល​ជួបប្រទះ​នូវ​ការលំបាក​លើ​បញ្ហា​ទឹក សម្រាប់​ការដាំ​បន្លែ​សុវត្ថិភាព​ដែលជា​មុខរបរ​អាជីព​របស់ខ្លួន​នោះ សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ សូម​ចុះមក​សិក្សា និង ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​សហគមន៍​សំរោង​មានជ័យ ដើម្បី​កាត់បន្ថយ​ការចំណាយ បង្កើន​ចំណូល​ជូន​កសិករ ជាពិសេស​ចំពោះ​សហគមន៍​វិញ ក៏ត្រូវ​មានការ​ចែករំលែក​នូវ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត ព្រោះ​វា​ជា​ផ្នែក​មួយ​សម្រាប់​ការរីកចម្រើន ដូច្នេះ សង្ឃឹមថា តាមរយៈ​នៃ​ការប្រើប្រាស់​គម្រោង​កម្មវិធី​នានា និង​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍ​ផងដែរ​នោះ ជោគជ័យ​នឹង​កំណត់​បាន​នៅពេល​អនាគត ៕​