កុមា​រគ​-​ថ្លង់​នៅ​ខេត្តសៀមរាប ទទួលបាន​ការបណ្ដុះបណ្ដាល​បង្រៀន​ហែល​ទឹក ដើម្បី​ផ្តល់​សមត្ថភាព​រំដោះខ្លួន​ពី​ការ​លង់ទឹក​

កុមា​រគ​-​ថ្លង់​ចំនួន​៦០​នាក់​មកពី​សាលា​អប់រំ​ពិសេស​សៀមរាប បានទទួល​ការបណ្ដុះបណ្ដាល​ពី​របៀប​ហែល​ទឹក ក្នុង​រយៈពេល​០២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ ដើម្បី​ផ្តល់​សមត្ថភាព​រំដោះខ្លួន​ពី​ការ​លង់ទឹក ខណៈ​ក្នុង​ឆ្នាំ​២០១២​កន្លងទៅ បើ​ប្រៀបធៀប​រវាង​ប្រទេស​អូស្ត្រាលី និង​កម្ពុជា បង្ហាញ​ឲ្យ​ឃើញថា ក្នុងចំណោម​មនុស្ស​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ នៅ​ប្រទេស​អូស្ត្រាលី មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​លង់ទឹក​ប្រមាណ​ជាជាង​៤០​នាក់​ក្នុង​មួយឆ្នាំ ចំណែកឯ​នៅ​កម្ពុជា​វិញ មាន​ចំនួន​រហូតដល់​ជាង ៧០០​នាក់ ដែល​បាត់​បង់ជីវិត​ដោយសារ​ការ​លង់ទឹក ។

​លោក សារឿន ដូ​រ៉ា​គីម​ឆាយ នាយក​គ្រប់គ្រង​សាលាបង្រៀន​ហែល​ទឹក មើរ​ម៉េ​ធ បាន​ឲ្យ​ដឹងថា សាលាបង្រៀន​ហែល​ទឹក មើរ​ម៉េ​ធ កំពុងមាន​សកម្មភាព​អនុវត្ត​កម្មវិធី​សប្បុរសធម៌ បង្រៀន​ហែល​ទឹក​ដល់​កុមា​រគ​-​ថ្លង់ ដែល​ជាការ​ផ្តល់នូវ​ជំនាញ ឬក៏​ជា​វិធីសាស្ត្រ ដើម្បី​ឲ្យ​ពួកគាត់​មាន​សមត្ថភាព​រំដោះខ្លួន​ពី​ការ​លង់ទឹក ដែល​កម្មវិធី​នេះ បាន​ឲ្យ​ប្រធានបទ​ថា ការកាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ការ​លង់ទឹក ហើយ​ការដែល​ផ្តោត​សំខាន់​សម្រាប់​កុមា​រគ​-​ថ្លង់​នេះ ព្រោះ​ពួកគាត់​មិនអាច​ស្រែ​ហៅរក​ជំនួយ​ឲ្យ​ជួយ​គាត់​បាន​ដូច​កុមារ​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់​ធម្មតា​បានឡើយ នៅពេលដែល​ពួកគាត់​ជួប​គ្រោះថ្នាក់​លង់ទឹក​នោះ ហើយ​នេះ គឺជា​កម្មវិធី​លើក​ទី​១​សម្រាប់​ខេត្តសៀមរាប ។

​គួររំលឹកថា អង្គការ Jelu Youth Volunteers នៃ​សាធារណរដ្ឋ​កូរ៉េ និង SCI Education នៃ​ប្រទេស​កាណាដា ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ជួយឧបត្ថម្ភ​រៀបចំ​កម្មវិធី​នេះ និង​មាន​កិច្ចសហការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​គ្រូ​ជំនាញ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ( KSF ) និង សមាគម​គ្រូបង្រៀន​ហែល​ទឹក​អូស្ត្រាលី ( ASCTA ) ៕​