មហាសេដ្ឋី​ចិន លោក ជេ​ក ម៉ា បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃនេះ​

មហាសេដ្ឋី​ចិន លោក ជេ​ក ម៉ា ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba Group ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ បានមក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ជា​លក្ខណៈ​ឯកជន រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​១២ ដល់ទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជេ​ក ម៉ា ស្លៀកពាក់​យ៉ាង​សាមញ្ញ អមដោយ​ក្រុមការងារ​ចំនួន​៥​នាក់ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន​មួយរូប បាន​ទស្សនកិច្ច​នៅតាម​ប្រាសាទ​មួយចំនួន​ក្នុង​ខេត្តសៀមរាប មានដូចជា​ប្រាសាទតាព្រហ្ម , ប្រាសាទបាយ័ន , ប្រាសាទអង្គរវត្ត និង​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​១៣​នេះ លោក​បាន​ទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី​។

​វត្តមាន​របស់លោក ជេ​ក ម៉ា បានធ្វើ​ឱ្យមាន​ភាព​រំជើប​រំជួល​ពី​សាធារណជន​ជាទូទៅ និង បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​ជាទូទៅ ពិសេស​ភ្ញៀវទេសចរ​នៅតាម​ប្រាសាទ ដែល​ប្រទះឃើញ​រូបលោក ខណៈ​ភ្ញៀវទេសចរ​ទាំងនោះ បាន​តាម​ប្រមាញ់​រូបភាព​លោក ក៏ដូចជា​ថតរូប​ជាមួយ​លោក​ផងដែរ​។

​ក្នុង​ដំណើរ​ទស្សនា​ប្រាសាទអង្គរវត្ត លោក ជេ​ក ម៉ា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឆ្លើយ​យ៉ាងខ្លី​ថា ប្រាសាទបុរាណ​ខ្មែរ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​លោក​ក៏បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល និង​កោតសរសើរ​ពី​រូបចម្លាក់​ទៅតាម​ជញ្ជាំង​ប្រាសាទ​អង្គរ​។

​អមដំណើរ​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​នោះដែរ ឯកឧត្តម សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ជឿជាក់ថា តាមរយៈ​វត្តមាន​របស់លោក ជេ​ក ម៉ា ក៏ដូចជា​បុគ្គល​ល្បីៗ​ផ្សេងទៀត​ក្នុង​ពិភពលោក ក្នុងការ​មក​ទស្សនារ​មណី​យ​ដ្ឋា​ន​អង្គរ ពិតជា​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ កាន់តែ​ចាប់អារម្មណ៍ ហើយ​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ​បន្ថែមទៀត​។

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានលើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖« វត្តមាន​របស់លោក ជេ​ក ម៉ា (Jack Ma) ពិតជា​រួមចំណែក​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ការវិនិយោគ​ផ្សេងៗ ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះដែរ បានបង្ហាញ​ដល់​ពិភពលោក​ថា កម្ពុជា ជា​ប្រទេសមួយ​កំពុងអភិវឌ្ឍន៍ និង មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​» ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។

​លោក ជេ​ក ម៉ា នឹង​ចាក​ចេញពី​ខេត្តសៀមរាប តាម​ជើងហោះហើរ​នៅ​ម៉ោង ២​រសៀល​នេះ ហើយ​មិនដឹងថា គោលដៅ​បន្ទាប់​របស់លោក ជេ​ក ម៉ា នឹង​ទៅ​ប្រទេស​ណា​បន្តទៀត​ទេ ដោយសារ​ដំណើរ​ទស្សនកិច្ច​នេះ​ជា​លក្ខណៈ​ឯកជន និង​រឹតត្បិត​ព័ត៌មាន ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់លោក ៕​