សាលាក្រុង​សៀមរាប​៖ ចាប់ពី​ថ្ងៃទី​១៦ ឧសភា តទៅ ឡាន​ដឹក​ដី​ណា​ធ្លាក់​ដី​តាមផ្លូវ នឹងរង​នូវ​ការផាកពិន័យ​

​លោក ហាយ យង់ ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​សៀមរាប បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ ចំពោះ​ឡាន​ដឹក​ដី​ណា​ដែល​មិនបាន​គ្រប និង​ដឹក​ធ្លាក់​ដី​រាយប៉ាយ​តាមផ្លូវ នឹងត្រូវ​រង​នូវ​ការផាកពិន័យ​ជា​ប្រាក់ ចាប់ពី ១​លាន​រៀល ដល់ ១០​លាន​រៀល​។ លោក​លើកឡើង​បែបនេះ​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩​នេះ​។


​លោក ហាយ យង់ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បើសិនជា​ឃើញ​ឡាន​ដឹក​ដី​ណា​ដែល​មិន គ្រប​ដី​ឲ្យ​បាន​ត្រឹមត្រូវ​ដូចជាៈ ដឹក​លើស​ទ្រុង មិនបាន​គ្រប ហៀរ ឬ​កំពប់ ជាដើម សូម​រាយការណ៍​មក​លេខ 012 43 18 18 ដើម្បី​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​បាន ទាន់ពេលវេលា​។​


​សូមបញ្ជាក់ថា ដើមឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ ធ្វើការ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​ឡាន​ដឹក​ដី​ទាំង​ផ្នែក​ខាងកើត និង​ខាងលិច​ក្រុង​សៀមរាប ចំនួន ១៩៣​គ្រឿង​៕