មេបញ្ជាការ​កងទ័ពជើងគោក​ដឹកនាំ​គណៈប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១

(បាត់ដំបង)​ នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​កម្រងផ្កា​ជូន​សព​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ែន សាយ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០​ក្នុង​ជន្មាយុ ៦០​ឆ្នាំ ដោយ​រោគាពាធ​។

​ជំនួសមុខ​ឲ្យ​កងទ័ពជើងគោក ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​លោកជំទាវ ឯកឧត្តម វ៉ែន សាយ និង​ក្រុមគ្រួសារ​សព ចំពោះ​ការបាត់​បង់ឧ​ត្ត​ម​ស្វាមី ឪពុក ជាទី​ស្រឡាញ់​នាពេលនេះ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ផងដែរ​ថា នេះ​ជាការ​បាត់បង់​នាយទាហានជាន់ខ្ពស់​មួយរូប​ក្នុង​ជួរ​កងទ័ពជើងគោក ដែល​កន្លងមក​បាន​លះបង់ បូជាជីវិត ដើម្បី​បុព្វហេតុ ជាតិ​មាតុភូមិ និង​ប្រជាជន​។ ជាមួយគ្នានេះដែរ ឯកឧត្តម សូម​ឧទ្ទិស​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម វ៉ែន សាយ បាន​ទៅកាន់​សុគតិភព និង​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​សូមបញ្ជាក់​ផងដែរ​ថា​សព​ឯកឧត្តម វ៉ែន សាយ ត្រូវបាន​ក្រុមគ្រួសារ​សព​សហការ​ជាមួយ​ក្រុមការងារ​រៀបចំ​បុណ្យសព បានរៀបចំ​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ទៅ​តាមបែប​ពិធីការ​សាសនា​ខ្មែរ​យើង និង​បែប​ពិធី​កងទ័ព​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ភូមិ​ផ្កា​ស្នា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​៕​