កងកម្លាំង​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ហាញ​នូវ​លំ​ហាត់​វិជ្ជាជីវៈ​ជំនាញ​របស់ខ្លួន​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កងកម្លាំង​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានរៀបចំ​នូវ​ពិធី​លំ​ហាត់​វិជ្ជាជីវៈ​ជំនាញ​របស់ខ្លួន នូវ​ឈុត​ឆាក​បច្ចេកទេស​មួយចំនួន ក្នុងការ​បង្ក្រាប​ជនល្មើស ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ជំនាញ​របស់ខ្លួន ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តជាតិ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​មក​បំពេញបេសកកម្ម​ជា​ផ្លូវការ​រដ្ឋ ឯកជន និង ស្នាក់នៅ​កំសាន្ត​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ។

​ក្នុងឱកាស​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុង​ទូទាំង​ខេត្ត បានល្អ​ប្រសើរ​ក្នុង​រយៈកាល​កន្លងមក​នេះ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី សូម​ឲ្យ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ទាំងអស់ ត្រូវ​បន្ត​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ចំពោះ​ការគោរពវិន័យ , គោរព​ការចាត់តាំង និង គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាលជាតិ​កម្ពុជា , ខិតខំ​ប្រឹងប្រែង​ហាត់ពត់លត់ដំ​សិក្សា​រៀនសូត្រ​នូវ​វិជ្ជាជីវៈ​ជំនាញ , ត្រៀម​ប្រចាំការ​គ្រប់ពេលវេលា ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា នូវ​រាល់​សភាព​ការដែល​កើតមានឡើង​ជាយថាហេតុ ក៏ដូចជា​ការបង្ការ ការទប់ស្កាត់ និង​ការបង្ក្រាប​នូវ​បទល្មើស​គ្រប់​ប្រភេទ ៕​