អាជ្ញាធរ​ឃុំ​យាង​ជួយ​សម្រួល​តម្លៃ​សេវា​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​យាង​


លោកស្រី ឌុ​ច ម៉ា​លីន មេឃុំ​យាង ស្រុក​ពួក មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​តម្លៃ​សេវា ព្យាបាល​សុខភាព​នៅ​មណ្ឌល​សុខភាព​នោះ គឺ លោកស្រី​មិន​អាច​សម្រេច​ក្នុងការ​បញ្ចុះ​ថ្លៃ​ជាង​នេះ​ទៀត​បាន​ទេ ព្រោះថា​ការ​ដាក់​តម្លៃ​នេះ គឺ​មាន​ការឯកភាព​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រួចហើយ ម្យ៉ាងទៀត​ពលរដ្ឋ​ភាគច្រើន​ក៏​យល់ព្រម​ឯកភាព​គ្នា​ដែរ​។ លោកស្រី​បន្ត​ថា គ្រួសារ​ដែល​ក្រីក្រ​ទាំង​មាន​ប័ណ្ណ និង​គ្មាន​ប័ណ្ណ​ក្រីក្រ​ខាង​អាជ្ញាធរ​ក្នុង​ឃុំ​បាន​ជួយ​សម្រួល​ហើយ (​ខ្ញុំ​គិតថា​តម្លៃ​សេវា​នេះ​វា​មិន​ច្រើន​ណាស់ ណា​ទេ ព្រោះ​គ្រួសារ​ដែល​ក្រីក្រ​យើង​ក៏​មិន​បាន​យក​ថវិកា​ពី​ពួកគាត់​ទេ​ខាង​ឃុំ​ជួយ ហើយ​ក្នុង​មណ្ឌល​សុខភាព​ក៏​គាត់​សហកា​រដែរ បើសិន​ជា​អ្នក​នោះ​ក្រីក្រ​ពិតប្រាកដ​សុំ​ឲ្យ​ឃុំ​ចេញ​លិខិត​បញ្ជាក់​ទៅ​គាត់​ក៏​អត់​យក​ថវិកា​ដែរ​)​។

លោកស្រី​មេឃុំ​ឆ្លើយតប​បែប​នេះ​បន្ទាប់​ពី​លោកស្រី​បានដឹង​ពី​ការ​សំណូមពរ​របស់​ពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​កម្មវិធីស​ន្ទនា​មតិ​កាល​ពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា (​ពេល​ឈឺ​ទៅ​ពេទ្យ ទៅ​ម្តងៗ​បើ​យើង​មាន​សំបុត្រ ៣.០០០​រៀល បើ​អត់​សំបុត្រ ៤.០០០​រៀល សម្រាប់​អ្នក​អត់​ដូច​ខ្ញុំ​ក៏​ថ្លៃ​ហើយ​)​។ ចំណែកឯ លោក សឿន សុខ​នី ប្រធាន​មណ្ឌល​សុខភាព​យាង ក៏​គាំទ្រ​នូវ​ការលើកឡើង​របស់​អាជ្ញា​ធរ ឃុំ​ដែរ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋក៏​ត្រូវចូ​ល​រួម​ផ្តល់​មតិ​ខ្វះខាត​ទាំងឡាយ​ក្នុងន័យ​ស្ថាបនា​លើ​ការផ្តល់​សេវា​សុខភាព នៅ​មណ្ឌល​សុខភាព​យាង​បន្ថែមទៀត (​ខ្ញុំ​ពេញចិត្ត​សម្រាប់​ការរិះគន់​របស់​អតិថិជន​ទាំងអស់ ដើម្បី​ឲ្យ​សេវា​របស់​យើងខ្ញុំ​មាន​ប្រសិទ្ធភាព ពួក​ខ្ញុំ​និង​ទទួលយក​នូវ មតិ​រិះគន់​ស្ថាបនា​ទាំងអស់​បាទ មិន​ថា​ទាំង​នៅក្នុង​មណ្ឌល ឬ​ក្រៅ​មណ្ឌល​ទេ​។ បាទ​អាច​ជួប​ផ្ទាល់​ជាមួយ​និង​ខ្ញុំ​គឺមាន លេខ​ទូរស័ព្ទ ០១២ ៣៨ ៤២ ៦២ មួយ​ខ្សែ​ទៀត ០៩៦ ៣៨ ៩៦ ៨៤៧)​។

លោកស្រី មេឃុំ​យាង បាន​បញ្ជាក់ទៀតថា បើសិន​ជា​ប្រជាពលរដ្ឋ​ដែល​ពិតជា​ក្រីក្រ​មែន តែ​មិន​ទាន់​មាន​ប័ណ្ណ​ក្រីក្រ​នោះ​សូម ទាក់ទង​មក​អាជ្ញាធរ​ឃុំ​ផ្ទាល់ ដើម្បី​ខាង​ឃុំ​ចេញ​លិខិតបញ្ជាក់​ថា​ពួកគាត់​ពិតជា​ក្រីក្រ​មែន​នៅ​ក្នុង​ឃុំ​យាង សម្រាប់​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ ទទួលបាន​សេវា​ព្យាបាល​សុខភាព​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា