សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣)

កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្តសៀមរាប និង ក្រសួង​កិច្ចការនារី សហការ​ជាមួយ​អង្គការ UN Women និង​អង្គការ UNFPA បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើហិង្សា​លើ​ស្រី្ត​លើក​ទី​៣ (២០១៩-២០២៣) ក្នុង​គោលបំណង ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ទាំង​នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល អំពី​វឌ្ឍនភាព​បច្ចុប្បន្នភាព បញ្ហា​នានា​ដែល​កំពុង​កើតឡើង និង​ការចាត់​អាទិភាព​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៩ តទៅ​។​ក្រោម​អធិបតីភាព​លោកជំទាវ ឡុង សុ​ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។

​លោកស្រី យូ សុភា មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា “ ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ” ហើយ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​លើ​ស្ត្រី ដោយបាន​ដាក់បញ្ចូល​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​ទៅលើ​ចំណុច​គោលដៅ​អភិវឌ្ឍន៍​ជាតិ និង​បាន​ជំ​រុញឱ្យ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ ច្បាប់​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​សង្គម ធានា​ការគោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ស្ត្រី និង​កុមារ ។

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀតថា ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ក្នុង​វិស័យ « កិច្ចការពារ​ផ្លូវច្បាប់​ចំពោះ​ស្ត្រី និង​ក្មេងស្រី » បាន​នឹង​កំពុង​ជំរុញ​បណ្តាញ​ការងារ​របស់ខ្លួន​ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី និង​កុមារ និង​អន្តរាគមន៍​ទាន់ពេលវេលា ដល់​ជនរងគ្រោះ​ដោយ​អំពើហិង្សា ដែលមាន​ការសម្របសម្រួល​ជា​ពហុ​វិស័យ ប៉ុន្តែ​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី គឺអាច​ធ្វើទៅបាន​តាមរ​យៈ​ការឆ្លើយតប​ជា​ពហុ​វិស័យ​ទាមទារ​ឱ្យមាន​ការចូលរួម​រប​ស់​អ្នក​ពាក់​ព​ន្ធ័​រួមទាំង​ស្ត្រី​ខ្លួនឯង​ផងដែរ​។

​លោកជំទាវ ឡុង សុ​ផល្លី បាន​មានប្រសាសន៍ថា ដោយ​ផ្អែកលើ ការអង្កេត​ថ្នាក់ជាតិ​លើ​សុខភាព និង​បទពិសោធន៍​ក្នុង​ជីវិត​របស់​ស្ត្រី នៅ​ឆ្នាំ​២០១៥ បាន​បង្ហាញថា​៖ ក្នុងចំណោម​ស្ត្រី​អាយុ​ពី ១៥​ឆ្នាំ ដល់​៦៤​ឆ្នាំ មាន​៥​នាក់ ដែល​ធ្លាប់មាន​ទំនាក់ទំនង ក្នុងនោះ​មាន​១​នាក់​រាយការណ៍​ថា ធ្លាប់​ទទួលរង​អំពើហិង្សា​ផ្លូវកាយ និង​/​ឬ​ផ្លូវភេទ ពី​សំណាក់​ដៃ គូ​ស្នេហា ។

​លោកជំទាវ ឡុង សុ​ផល្លី បាន​មានប្រសាសន៍​ទៀតថា ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួង​កិច្ចការនារី បានគ្រោង​រៀបចំ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី លើក​ទី​៣ សម្រាប់ ឆ្នាំ ២០១៩- ២០២៣ ក្រោម​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី UN WOMEN និង UNFPA ក្នុង​គោលបំណង ដើម្បី​បន្ត​អនុវត្ត​ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ករណី​អំពើហិង្សា​លើ​ស្ត្រី ក្នុងការ​ទាមទារ​ឱ្យមាន​ការប្រើប្រាស់​អភិក្រម​អន្តរ​វិស័យ​គ្រប់​ជ្រុងជ្រោយ​មួយ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​ស្ត្រី ដោយ​ផ្អែកលើ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ ដែល​បានកំណត់​ពី​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ និង​សកម្មភាព​អាទិភាព​ដែល​នៅ​សេសសល់ សម្រាប់​បន្ត​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​លើក​ទី​៣ (២០១៩-២០២៣) ៕​