កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការពង្រឹង​កិច្ចសហការ​ក្នុង​តំបន់​អាស៊ាន សម្រាប់​ការងារ ប្រយុទ្ធ​-​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​

ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ធ្វើជា​ម្ចាស់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការពង្រឹង​កិច្ចសហការ​ក្នុង​តំបន់ សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព ដែល​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នៅ​ក្រុង​សៀមរាប​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ និង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង ដៃគូ​ពាក់ព័ន្ធ ដើម្បី​រិះរក​វិធានការ​រួមគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុ​គ្រ​ស្មាញ​នេះ ។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​ប្រយុទ្ធ​-​ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​នៅក្នុង​តំបន់ ហើយ​សេចក្តីព្រាង​ចំណុច​គន្លឹះ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បានបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​-​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដែលមាន​លក្ខណៈ​ជា​សាកល​នេះ ហើយ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន ប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធប្រឆាំង ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដោយសារតែ​ការធ្វើ​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព លក់​ចែកចាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន មានប្រសាសន៍​ទៀតថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ បានកំណត់​និង​បង្ហាញ​អំពី​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ក​ម្រឹត​នៃ​ការអនុវត្ត​ច្បាប់ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ទប់ស្កាត់​ការធ្វើ​ចរាចរ ការស្រាវជ្រាវ និង ការឆ្លើយតប​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កើតមានឡើង​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ព្រមទាំង​បានរៀបចំ​ផែនការ​សកម្មភាព​រួម​គ្នា ដែល​នឹងត្រូវ​ស្នើ​ឲ្យ​មានការ​គាំទ្រ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បណ្តា​ប្រទេស​អាស៊ាន ជាមួយនឹង​ការឯកភាព​គ្នា កំណត់​លើ​ចំណុច​គន្លឹះ​ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធ​-​ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​សេចក្តី​ថ្លែង​ការរួម​គ្នា​សម្រាប់​ការ​នុ​ម័ត នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅក្នុង​ខែសីហា ឆ្នាំ​២០១៩ ខាងមុខ ។

​តាម​ការបញ្ជាក់​របស់​លោកជំទាវ ក៏បាន​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា ៖ នៅក្នុង​ខែសីហា​ខាងមុខ បន្ទាប់ពី​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព គ្រោង​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សាគ្នា​ផងដែរ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ( អាស៊ី​-​អ៊ឺរ៉ុប ) នៅក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ ៕​