ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អង្គការ UNICEF ស្ដីពី​ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ​

​កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩  លោកស្រី យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី គ្រី​ស្ទា​ន មុន​ឌូ​អា​តេ (CHRISTIAN MUDUATE) នាយិកា​អង្គការ UNICEF ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​លោក​នាយករង​រដ្ឋបាល មន្ត្រី​រដ្ឋបាលខេត្ត ប្រតិភូ​អង្គការ UNICEF និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។

​ក្នុងជំនួប​ពិភាក្សារ​ការងារ​នេះ គឺ​សំដៅលើ​សកម្មភាព​ការងារ​មួយចំនួន រួមមាន ៖ កា​ងារ​សុខមាលភាព​មាតា និង​ទារក , ការងារ​អាហារូបត្ថម្ភ និង អនាម័យ​ទឹកស្អាត , ការងារ​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ , ការ​បន្សាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ និង ការងារ​កិច្ចការ​ការពារ​កុមារ និង​ជន​ងាយ​រងគ្រោះ ខណៈដែល​ការងារ និង​សកម្មភាព​ទាំងអស់នេះ គឺ​ដើម្បី​ជួយ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ឲ្យ​យកចិត្តទុកដាក់ និង​បញ្ចូល​បញ្ហា​ដែល​រកឃើញ​ជាក់ស្ដែង​នៅ​ថ្នាក់មូលដ្ឋាន តាមរយៈ​ផែនទី​សេវា​សង្គម​ភូមិ ទៅក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ សង្កាត់ ក្នុងនោះដែរ រដ្ឋបាល​ខេត្តសៀមរាប បាន​ចូលរួម​គាំទ្រ ព្រមទាំង​សហការ​ពី​ក្រសួងមហាផ្ទៃ និង​អង្គការ UNICEF លើ​ការអនុវត្ត​សកម្មភាព​សេវា​សង្គម​ទាំងនេះ​៕