ការប្រឹក្សា​យោបល់​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​

ការផ្តល់​ប្រឹក្សា​យោបល់​ជា​មូលដ្ឋាន មានន័យ​ថា វិធី​ដែល​អ្នក​ផ្តល់​សេវា​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនរងគ្រោះ និង​ផ្តល់​ការថែទាំ​សម្រាប់​សេចក្ដីត្រូវការ​បន្ទាន់​ផ្នែក​ផ្លូវចិត្ត​និង​តម្រូវការ​ជាក់ស្តែង​របស់​ជនរងគ្រោះ​។​អាជ្ញាធរ​មូលដ្ឋាន ដូចជា​មេឃុំ​, នគរបាល និង​បុគ្គលិក​សុខាភិបាល​គឺជា​អ្នកផ្តល់​សេវា​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវចិត្ត ដើម្បី​ឱ្យ​ស្ត្រី​រងគ្រោះ​ទទួលបាន​នូវ​ការគោរព និង​ទទួលបាន​សេវា​ប្រកបដោយ​ប្រសិទ្ធភាព​។

​អ្នកស្រី ធីតា ពលរដ្ឋ​នៅក្នុង​ក្រុង​សៀមរាប​បាន​និយាយថា នៅពេល​មាន​អំពើ​ហង្សា​កើតឡើង​ក្នុង​គ្រួសារ​មិន​ថា​ករណី​ស្រាល​ឬ​ធ្ងន់​ទេ សូម​ស្ត្រី​ទៅរក​ការប្រឹក្សា​យោបល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ផ្តល់យោបល់​និង​ជួយ​ដោះស្រាយ ព្រោះ​បច្ចុប្បន្ន អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​ករណី​អំពើហិង្សា​ជូន​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​។ អាជ្ញាធរ​ជា​បុគ្គល​សំខាន់​ដែល​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​អាច​រក​ជំនួយ​ផ្រេងៗ ទាំង​ការប្រឹក្សា​យោបល់ និង​រក​សេវា​ផ្លូវ​ផងដែរ​។

​ពលរដ្ឋ​មួយរូប​ទៀត អ្នកស្រី នាង ពលរដ្ឋ​នៅ​ស្រុង​អង្គរធំ និយាយថា នៅ​មូលដ្ឋាន​អ្នកស្រី គឺ​ស្ត្រី​មិនសូវ​ទៅរក​ការប្រឹក្សា​យោបល់​ជាមួយ​អាជ្ញាធរ​ទេ​បើសិនជា​មិនមែន​ករណី​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​លែងលះ ព្រោះ​គិតថា​វា​រឿង​ផ្ទាល់ខ្លួន​រវាង​ប្តី​ប្រពន្ធ​។ ម្យ៉ាងទៀត​នៅ​ពេល​ស្ត្រី​ទៅរក​ការប្រឹក្សា​យោបល់​ជាមួយ​អាជ្ញាធរ​ច្រើនដង​ពេក ពួកគាត់​ហាក់បីដូចជា​មិនសូវ​យកចិត្ត​ទុក​ប៉ុន្មាន​ទេ ដូច្នេះ​វា​ជា​ហេតុ​ធ្វើឲ្យ​ស្ត្រី​មិន​ទៅប្រឹក្សា​យោបល់​ជាមួយ​អាជ្ញាធរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោកស្រី ងិន សារិន ប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់​នៃ​មន្ទីរ​កិច្ចការនារី បាន​លើកឡើង​ថា នៅ​ពេល​ស្ត្រី​មករក​សេវា​ប្រឹក្សា​យោបល់​ឬ​សេវា​ផ្សេងៗ ខាង​មន្ត្រី​នៃ​មន្ទីរ​កិច្ចការនារី​តែង​យកចិត្ត​ទុក​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ជា​និច្ច​។ ម្យ៉ាងទៀត​ការ​ផ្តល់​ការប្រឹក្សា​យោបល់​តែង​ប្រើ​ពាក្យសំដី​សមរម្យ​ជាមួយ​ជនរងគ្រោះ ហើយ​មន្ទីរ​តែង​រក្សា​ការ​សង្ងាត់​ជូន​ជនរងគ្រោះ​ជា​និច្ច​។ លោកស្រី សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​បញ្ហា​ជូន​ជនរងគ្រោះ​ផងដែរ​។

​គ្មាន​ការស្តីបន្ទោស និង​គ្មាន​ការរិះគន់​ទេ រក្សា​ការសម្ងាត់​នៃ​ព័ត៌មាន និង​អព្យាក្រឹតភាព​នៃ​អ្នកផ្តល់​សេវា​គឺជា​គន្លឹះ​ក្នុង​ការបង្កើត​ការទុកចិត្ត​ពី​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​, ស្តាប់​ស្ត្រី​រងគ្រោះ និង​បង្ហាញ​ពី​អាកប្បកិរិយា​គាំទ្រ​ជា​ជាង​ស្តីបន្ទោស​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៕

 

អត្ថ​បទ​បត​យក​ការណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម