សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បើក​បណ្ដុះបណ្ដាល​ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​


​ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​ជន​បង្គោល​ដែលជា​ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន​៣៥​នាក់ មកពី​វិទ្យាល័យ ១០​មករា​១៩៧៩ , វិទ្យាល័យ​សម្ដេចឪ និង វិទ្យាល័យ​អង្គរ ក្នុង​គោលបំណង​បង្ហាញ​អំពី​ស្ថានភាព​បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​នៃ​គ្រឿង​ស្រវឹង​និង​ហានិភ័យ​ដោយ មិន​ពាក់មួក​សុវត្ថិភាព រៀបចំ​ផែនការ​បណ្តុះបណ្តាល​នៅតាម​សាលារៀន​និង​នៅតាម​ទីសាធារណៈ​។

​លោក ឃឹម សុផល ប្រធាន​សម្របសម្រួល​គ​ម្រោ​ង​យុវជន​កាកបាទក្រហម​កម្ពុជា និង​សុវត្ថិភាព​ចរាចរណ៍ នៃ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ៖ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់ ជា​ចំណេះដឹង​សម្រាប់​យើងទាំងអស់គ្នា ដើម្បី​រួមគ្នា​ទាំង​ការអនុវត្ត​និង​ការផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ជូន​ដល់​មហាជន​ទូទៅ ព្រោះថា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បង្ក​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្ដិ អាយុជីវិត​មនុស្ស និង បន្សល់ទុក​នូវ​បញ្ហា​ពិការភាព កុមារកំព្រា ស្ដ្រី​មេម៉ាយ ចាស់​ឥត​ទីពឹង និង​បញ្ហា​សង្គម​ផ្សេងៗ​មួយចំនួនទៀត ហើយក៏​ជាការ​ពិត​ដែល​បញ្ហា​ទាំងអស់នេះ គឺ​បង្កឡើង​ដោយ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ភារកិច្ច​ទទួលខុសត្រូវ​រួម​របស់​យើងទាំងអស់គ្នា​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន អំពាវនាវ​ដល់​សិក្ខាកាម​ទាំងអស់​ដែលជា​យុវជន​គំរូ និង​ជា​ជន​បង្គោល សូម​ចូលរួមចំណែក​ធ្វើជា​គំរូ​តាមរយៈ​ការ​អនុវត្ដ​ជាក់ស្ដែង លើ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស គឺ​ការ​ដាស់តឿន​រំលឹក​ដល់​សិស្ស មិត្ត​ភ័ក្ត្រ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មិនទាន់​យល់ដឹង អំពី​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ជំរុញឱ្យមាន​គោរព​ច្បាប់​ចរាចរណ៍​នៅ​គ្រប់ពេល​ធ្វើដំណើរ​តាម​យានយន្ត ដែល​ទាំងអស់នេះ សុ​ទ្ឋ​តែ​ជា​កត្តា​ដែល​អាចជួយ​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​បាន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា​។

​លោក ស៊ុំ សំអន ក៏បាន​ផ្ដាំផ្ញើ​ដល់ទី​ប្រឹក្សា​យុវជន និង​ប្អូនៗ​យុវជន​កាកបាទក្រហម​កម្ពុជា ជា​សិក្ខាកាម​ក្នុង​វគ្គ​ត្រូវ​យកចិត្តទុកដាក់​ស្ដាប់​និង ក្តាប់​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស​ដើម្បី​អាច​យកទៅ​បណ្ដុះបណ្ដាល ឬ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ យុ​វន​កាកបាទក្រហមកម្ពុជា ឬ​សិស្សានុសិស្ស​ក្នុង​សាលា និង​សហគមន៍ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ស្លាប់ របួស និង​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរណ៍ ៕​