ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​ពួក និង​អ្នកស្ម័គ្រចិត្ត បាន​ផ្សព្វផ្សាយ​ស្ដីពី​ពិការភាព និង​សុវត្ថិភាព​ចរាចរណ៍​

​កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ក្រុម​កាកបាទក្រហម​ឃុំ​ពួក និង​អ្នកស្ម័គ្រចិត្ត សហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ផ្សព្វផ្សាយ​ស្ដីពី​ពិការភាព និង​សុវត្ថិភាព​ចរាចរណ៍ នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ដល់​ប្រជាពលរដ្ឋ និង​កុមារ​ក្នុង​សហគមន៍ ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​ង​៥១​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៣ នាក់ និង​ពិការភាព​ចំនួន​២​នាក់ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ របួស ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សិទ្ធជន​ពិកា​រ ។​

​ក្នុងឱកាស​នោះ​អ្នកស្ម័គ្រចិត្ត បាន​ពន្យល់​កុមារ​អំពី​របៀប​ឆ្លងផ្លូវ​ដោយ​សុវត្ថិភាព ហើយ​មាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ វិធី​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ​ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ សារ​សុវត្ថិភាព ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្ទិ​ក​ខ័​រ​ចំណាំងផ្លាត​ជនពិការ​ផងដែរ​។​

​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី មេម៉ាយ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ ។​

​ក្នុងឱកាស​នោះដែរ​លោកស្រី សំ សា​វ៉ាង បាន​សំណូមពរ​ដល់​អ្នកបើក​បរ​យា​យន្ត​គ្រប់​ប្រភេទ ពេលមកដល់​ជិត​សាលារៀន មន្ទីរពេទ្យ និង​ទីប្រជុំជន​នានា សូមមេត្តា​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម សូមជួយ​ណែនាំ​ដល់​កូនចៅ​ក្នុង​សមា​ជិ​គ្រួសារ និង​អ្នកជិតខាង ឱ្យ​គាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យបាន​ជាប់​ជាប្រចាំ បើកបរ​ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ ជាដើម ៕​