គណៈកម្មការ​ចម្រុះ​ខេត្តសៀមរាប សម្រេច​បើកផ្លូវ​ក្នុង​ភូមិ​អារញ្ញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំ

កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គណៈកម្មការ​ចម្រុះ​ខេត្តសៀមរាប ដឹកនាំ​របស់​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប ដោយ​មាន​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ​មាន​ការពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ផងដែរ បាន​ធ្វើ​ការបើកផ្លូវ​សា​ធា​រណៈ​មួយ​ខ្សែ ជា​ផ្លូវ​រទេះ​ចាស់ មាន​បណ្តោយ​ប្រវែង​២៥​ម៉ែត្រ និង ទទឹង​ប្រវែង​៣​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជូន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​វិញ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក ។

​លោក នួន ពុទ្ធា​រ៉ា បានឲ្យដឹងថា ការបិទផ្លូវ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ដោយ​ធ្វើដំណើរ​ចេញចូល​ផ្លូវ​នេះ បាន​ដាក់​ពាក្យបណ្តឹង​ប្ដឹង​ឈ្មោះ ដឿ​ន សំអឿន ដែល​បាន​បិទ​អស់​រយៈពេល ១៥​ឆ្នាំ​មកហើយ ហើយ​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ធ្វើ​លិខិត​ជូនដំណឹង​ជូន​ដល់​ឈ្មោះ ដឿ​ន សំអឿន ដែល​ជា​តំណាង​ឲ្យឈ្មោះ ហ៊ិ​ន គា ដែល​បាន​ស្លាប់​នោះ ធ្វើការ​រុះរើ​របង​ពី​ផ្លូវ​នេះ​ចេញ ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅតែ​មិន​ព្រម​រុះរើ​បើកផ្លូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខាងក្រោយ​បាន​ធ្វើ​ដំណើរ​ឡើយ ។

​លោក នួន ពុទ្ធា​រ៉ា បានឲ្យដឹង​ទៀតថា ដើម្បី​អនុវត្តន៍​នូវ​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ខេត្ត និង អាជ្ញាធរ​ក្រុង ឲ្យមាន​ប្រសិទ្ធភាព​នោះ ថ្ងៃ​នេះ​គណៈកម្មការ​ចម្រុះ បាន​ចុះមក​អនុវត្តន៍​ជាក់ស្តែង ដោយ​មិន​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ចំពោះ​ការរុះរើ​នេះ អាជ្ញាធរ​មិន​បាន​ទទួលខុសត្រូវ លើ​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​នោះ​ឡើយ ខណៈ​ផ្លូវ​នេះ គឺ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ ការដឹកជញ្ជូន​កសិផល ទៅ​កាន់​ទីផ្សារ ការធ្វើដំណើរ​របស់​សិស្សានុសិស្ស និង ចាស់ព្រឹទ្ធាចារ្យ​ទៅ​ទី​វត្ត​អារាម ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប