មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បានផ្តល់​ឈើ​ដែល​គណៈកម្មការ​វត្ត​កាប់​ដោយ​ពុំបាន​សុំច្បាប់ ជូន​គណៈកម្មការ​វត្ត​វិញ​ទុក​សម្រាប់​សាងសង់​ក្នុង​វត្ត​

​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ជូនដំណឹង​ដល់​សាធារណជន​មេត្តា​ជ្រាបថា ៖ ដោយមាន​សេ​ក្ដី​រាយការណ៍​ពី​ករណី​កាប់​ដើមឈើ​នៅ​វត្ត​អធ្វា ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​២៦​នាទី កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ដែលមាន​ទីតាំង​ដូច​បាន​ជម្រាបជូន​ខាងលើ សមត្ថកិច្ច​បាន​ប្រទះឃើញ​ឈើ​អារ​រួច ប្រភេទ​ឈើទាល​ចំនួន ៤៦​សន្លឹក និង​ឈើមូល​ចំនួន ០២ កំណាត់ ។​

​ដោយពេល​វេលាយប់​ជ្រៅ និង​ទីតាំង​កើតហេតុ​ក្រៅ​បរិវេណ​វត្ត​ពុំមាន​អ្នកទទួលខុសត្រូវ សមត្ថកិច្ច​សម្រេច​ដឹកជញ្ជូន​វត្ថុតាង​មក​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​នៅ​ទីតាំង​ជាក់ស្តែង ព្រះសង្ឃ​ព្រះនាម ភ្លឿ​ន រ័ត្ន ព្រះ​គ្រូសូត្រស្តាំ តំណាង​ព្រះចៅអធិការ​វត្ត មាន​សង្ឃដីកា​ថា ការកាប់​ដើមឈើ​ទាល ០១ ដើម​នេះ ដោយសារ​ដើមឈើ​នេះ​ត្រូវ​រន្ទះបាញ់ ចាប់ផ្តើម​ងាប់ និង​មាន​មែកឈើ​មួយចំនួន​បាក់​ធ្លាក់​មក​ដី អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ប៉ុន្តែ​គណៈកម្មការ​អាចារ្យវត្ត ពុំបាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។​

​ដោយ​ពិនិត្យឃើញថា វត្ត​កំពុង​សាងសង់​កុដិ និង​ដោយមាន​ការស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ និង គណៈកម្មការ​អាចារ្យវត្ត សមត្ថកិច្ច​បានសម្រេច​ប្រគេន​ឈើ​ទៅ​ព្រះសង្ឃ​វិញ និង​បាន​ចូល​បច្ច័យ​សាងសង់​កុដិ​ចំនួន​មួយ​លាន​រៀល ។​

​អាស្រ័យហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​សេចក្តីបំភ្លឺ តាម​ការគួរ​៕​