មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បានរៀបចំ​ប្រជុំ​បូកសរុប​វាយតម្លៃ​កា​ររ​អនុវត្ត​ចលនា​ប្រឡងប្រណាំង​៣​ល្អ “ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ​និង​យុវជន និង​លើកសរសើរ​ចំពោះ​អង្គភាព និង​បុគ្គល​មាន​ស្នាដៃ​ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ព្រមទាំង​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ​អនុវិស័យ​យុវជន​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ផងដែរ ។

​លោក ម៉ិ​ត សុវណ្ណ ប្រធានការិយាល័យ​យុវជន នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប មានប្រសាសន៍ថា​៖ ការប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង​៣​ល្អ “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​” ប្រចាំឆ្នាំ​សិក្សា ២០១៨-២០១៩ ធ្វើឡើង​ក្នុង​គោលបំណង​បូកសរុប​វាយតម្លៃ​ពី​វឌ្ឍនភាព​ការងារ​យុវជន​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​អនុវត្ត​នៅ​ឆ្នាំ​សិក្សា​២០១៨-២០១៩​សម្រាប់​អនុវិស័យ ការងារ​យុវជន និង លើកទឹកចិត្ត​ដល់​កុមារ យុវជន​ដែលមាន​ស្នាដៃ ក្នុងការ​អនុវត្ត​ចលនា​ប្រឡងប្រណាំង ៣​ល្អ ” កូន​ល្អ​សិស្ស​ល្អ មិត្ត​ល្អ ” តាមរយៈ​ការផ្តល់​បណ្ណ​សរសើរ​ជូន​អង្គភាព និង​បុគ្គល​មាន​ស្នាដៃ ។

​លោក ម៉ិ​ត សុវណ្ណ មានប្រសាសន៍​បន្ថែមថា សកម្មភាព​នេះ គឺ​ជំរុញ​ការលើកទឹកចិត្ត​ឱ្យ​អង្គភាព និង​បុគ្គល​ខិតខំ​បង្កើន​ស្នាដៃ​បន្ថែមទៀត ក្នុងការ​ចូលរួម​ពង្រឹងគុណភាព ប្រសិទ្ធភាព​អប់រំ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី និង​អភិវឌ្ឍន៍​ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ឱ្យមាន​សកម្ម​ភាពល្អ គ្រប់​អង្គភាព​សាលារៀន និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ថែទាំ​គាំពារ​ដល់​កុមារ​-​យុវជន ពី​ថ្នាក់ដឹកនាំ​មន្ត្រី​នៃ​ស្ថាប័ន​អប់រំ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានចាត់ទុក​កុមារ​និង​យុវជន ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង ជា​កម្លាំង​ស្នូល ជា​កោសិកា​ដ៍​រឹងមាំ​និង​ជា​អនាគត​ប្រទេសជាតិ​។

​លោក សុខ ដា​នី អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត មានប្រសាសន៍ថា​៖ ចលនា​ប្រឡងប្រណាំង​៣​ល្អ របស់​កុមារ និង យុវជន ថា ជា​ចំណែក​មួយ​ដ៏ សំខាន់បំផុត​ក្នុង​គោលដៅ​នៃ​ការអភិវឌ្ឍ​ធនធាន​ប​នុស្ស ខណៈ​នៅក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់​នៅក្នុង​កម្មវិធី​នយោបាយ​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ហើយ​បច្ចុប្បន្ននេះ វិស័យ​អប់រំ​កំពុងមាន​ការអភិវឌ្ឍ​គ្រប់ផ្នែក ដើម្បី​លើកកម្ពស់​សមត្ថភាព​សិស្ស និ​សិ​ត្ស និង​ប្រជាពលរដ្ឋ​ទូទៅ ឱ្យមាន​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខ្ពង់ខ្ពស់ ឆ្លើយតប​ទៅ​តម្រូវការ​នៃ​ទីផ្សារការងារ ពិសេស​ផ្តោត​ការយកចិត្ត​ទុ​ដាក់រ​អភិវឌ្ឍ​កម្លាំង​យុវវ័យ ជា​កម្លាំង​ដ៏​សំខាន់​។

​លោក សុខ ដា​នី មានប្រសាសន៍​បន្ថែមថា ប្រការ​សំខាន់​សូម​ឲ្យ​ក្មួយៗ ត្រូវខិតខំ​រៀនសូត្រ​ប​ង្កើ​ន​ចំណេះដឹង ចំណេះធ្វើ និង​រៀន​រស់នៅ​ជាមួយគ្នា រៀន​រៀបចំខ្លួន​ឱ្យមាន​ទម្លាប់​ល្អ ចេះ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ គោរព​សិ​ទ្ឋ​គ្នា​ទៅវិញទៅមក មានការ​យោគយល់​គ្នា អធ្យាស្រ័យ និង​ចេះ​អត់ឱន ព្រមទាំង​រក្សា​សមភាព​រវាង​បុរស និង​នារី មាន​ស្មារតី​ឧស្សា​ព្យាយាម ខិតខំ​កសាង​អំពើ​ល្អ​ឱ្យបាន​កាន់តែច្រើន ព្រមទាំង​ស្រឡាញ់​រាប់អាន​គ្នា ក្លាយជា កុមារ​-​យុវជន​ដែលមាន ទម្លាប់​ល្អ​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​ក្នុង​សង្គមជាតិ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​អសកម្ម​ក្នុង​មជ្ឈដ្ឋាន​យុវវ័យ និង​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍ​ធនធានមនុស្ស ។

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ កុមារ​មាន​ស្នាដៃ​ក្នុងការ​អនុវត្ត​ចលនា​ប្រឡងប្រណាំង ៣​ល្អ ចំនួន​១០៤.៩០៧​នាក់ ក្នុងនោះ​ស្រី​៥៤.៩០១​នាក់ , យុវជន​មាន​ស្នាដៃ​ក្នុងការ​អនុវត្ត​ចលនា​ប្រឡងប្រណាំង ៣​ល្អ ចំនួន​១៦.៥១៨​នាក់ ក្នុងនោះ​ស្រី​៩.៦៦៥​នាក់ និង​អង្គភាព​មាន​ស្នាដៃ​ល្អ​ចំនួន​១០៣ អង្គភាព និង បុគ្គល​មាន​ស្នាដៃ​ល្អ ៦២២​នាក់ ក្នុងនោះ​ស្រី​៣៦៤​នាក់ ៕​