មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប ចាប់ផ្ដើម​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​


​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ របស់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ដែល​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​បរិវេណ​សាលាឆទាន​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប សរុប​ចំនួន ១.៣២៦ ក្បាលដី ក្នុងនោះ​ក្បាលដី​ក្នុងភូមិ​គោក​រលួស​មាន​ចំនួន ៦០៨ ក្បាលដី និង ក្បាលដី​ក្នុងភូមិ​ដូន​ហុង មាន​ចំនួន​ក្បាលដី ៧១៨ ក្បាលដី ។

​ពិធី​បិទ​ផ្សាយ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ម៉ក់ ប្រុស អភិបាល នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម , លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប និង លោក ស្រី ងិន មុំ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សមាជិក​គណៈកម្មការ​រដ្ឋបាល និង​មន្ត្រី​អនុវត្ត​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ព្រមទាំង លោក​មេឃុំ លោក​មេភូមិ​ផងដែរ​។

​លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​នេះ មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៩ ខែតុលា រហូតដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​គិត​រួមទាំង​ថ្ងៃបុណ្យ និង​ថ្ងៃ​ឈប់សម្រាក ហើយ​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ប្រជាពលរដ្ឋ ព្រមទាំង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ សូម​មក​ចូលរួម​ពិនិត្យមើល​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​នេះ ដូចជា​នៅលើ​បញ្ជី​ឈ្មោះ​ម្ចាស់​ដី ដោយ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់ ឈ្មោះ សាវតា ទំហំ​ដី ប្រភេទ​ទ្រព្យ និង​នៅលើ​ប្លង់​សុរិយោដី ត្រូវ​ពិនិត្យមើល​ទីតាំង​ដី និង រូបរាង​ដី ព្រោះនេះ​គឺជា​ឱកាស​ចុងក្រោយ ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​សិទ្ធិ​ធ្វើការ កែតម្រូវ ឬ​ជំទាស់​តវ៉ា​បាន ហើយ​ក្នុងករណី​ពិនិត្យ​មើលទៅ​ឃើញថា មាន​កំហុសឆ្គង​ត្រូវ​ផ្ដល់ដំណឹង​មក គណៈកម្មការ​រដ្ឋបាល ដើម្បី​ចៀសវាង​វិវាទ​ណាមួយ​កើតឡើង ក្រោយពី​ចេញ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ប្លង់រឹង​ឬ​(​បណ្ណ​កម្មសិទ្ធិ​)​។

​លោក ប៊ូ ជុំ​សម្បត្តិ បានបញ្ជាក់​បន្ថែមថា ក្រោយពី​បញ្ចប់​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នេះ​ទៅ គណៈកម្មការ​រដ្ឋបាល នឹង លើកសំណើ​ជូនទៅ ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ដើម្បី​សម្រេច​ចេញ​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដី និង អ្នកកាន់កាប់​ដី​រូប​ណា ដែល​បាន​បំពេញ លក្ខខណ្ឌ គ្រប់គ្រាន់ តាម​នីតិវិធី​ច្បាប់ និង ជា​ក្បាលដី​មិនមាន​ទំនាស់​៕​