អនុប្រធាន​មន្ទីរ​ផែនការ បញ្ចាក់​ថា ការធ្វើ​ជំរឿន​ប្រជាជន​ដើម្បី​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​

លោកស្រី ស្រី សុគន្ធ អនុប្រធាន​មន្ទីរ​ផែនការ ទទួលបន្ទុក​ការងារ​ជំរឿន បាន​លើកឡើង​ថា ការធ្វើជំរឿន​ប្រជាពលរដ្ឋ​
​ដើម្បី​បាន​ដឹង​ចំនួន​ប្រជាជន ងាយស្រួល​ក្នុង​ការ​គណនា​អត្រា​នៃ​ភាពក្រីក្រ និង​ការ​គណនា​ការកើនឡើង​នៃ​ចំណូល​
​និង​ចំណាយ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ជាតិ​ទាំងមូល ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ប្រទេស និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ក្នុងស្រុក​​និង​បរទេស​បណ្តាក់​ទុន​រក​ស៊ី អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ចូលរួម​ការងារ​អភិវឌ្ឍន៍​សង្គម​ជាតិ​ផងដែរ​។

​លោកស្រី​អនុប្រធាន​មន្ទីរ​ផែនការ បាន​បញ្ជាក់បន្ថែម​ថា គោលបំណង​នៃ​ការធ្វើជំរឿន​នេះ​មាន​សារៈប្រយោជន៍​ដល់​វិស័យ​ផ្សេងៗ​​មិន​ត្រឹមតែ​សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​ប៉ុណ្ណោះ​ទេ តែ​សម្រាប់ឲ្យ​រាជរដ្ឋាភិបាល​ព្យាករណ៍​ធ្វើ​គោលនយោបាយ​ប្រជាជន ធ្វើ​ផែនការ​លំនៅដ្ឋាន​​កែលម្អ​ការប្រើប្រាស់​សម្ភារៈ សេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍​កាត់បន្ថយ​ភាពក្រីក្រ ក្នុង​ជំនួញ​ពាណិជ្ជកម្ម ឧស្សាហកម្ម​ ​និង​វិស័យ​ស្រាវជ្រាវ​ខាង​ប្រជាជន​ជា​ដើម ។

​ការលើកឡើង​បែប​នេះ​របស់​លោកស្រី ស្រី សុគន្ធ នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​លើ​ប្រធានបទ​៖ “ ការធ្វើ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​នៅ​ខេត្ត​សៀមរាប​” ។​ ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ប្រទេស​កម្ពុជា បានធ្វើការ​ជំរឿន ដោយ​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨ លើក​ទី ឆ្នាំ​២០០៨ និង​លើក​ទី​៣ ឆ្នាំ​២០១៩៕

អត្ថ​បទ​៖​ លោក សឿង សារិន​