លម្អិត៖​ករណី​មនុស្ស​ប្រុស​ស្រី​ចំនួន​០៣​នាក់ បាន​ស្លាប់នៅ​​ឃុំ​ខ្នាត ស្រុក​ពួក​

តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​ពួក​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២២ និង​៣៥​នាទី នា​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣២៥ – ៣២៦​ភូមិ ស្ថិតក្នុង​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​០៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។

​តាម​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ទៀតថា ហេតុការណ៍​នេះ​គឺ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១៧ ព៌ណ​ខ្មៅ បិត​ស្គុត​ព៌ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ៖ សៀមរាប 1AA – 6561 ជិះ​គ្នា​០៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ស្លាប់​ទាំង​០៣​នាក់ បើកបរ​ដោយ​ឈ្មោះ​ប៉ោះ ឈី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ស្រុក​ពួក ដឹក​មនុស្ស​ចំនួន​២​នាក់​ផ្សេង​ទៀត គឺ ១. ឈ្មោះ យួន អេ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន និង ២. ឈ្មោះ ហែម សាន​រា​ស៊ី ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក បើកបរ​មាន​ល្បឿន​លឿន ហើយ​មិន​ប្រុងប្រយ័ត្ន ធ្វើដំណើរ​មក​ទិសដៅ​ពី​ទិស​ខាងលិច​ទៅ​ទិស​កើត បាន​បុក​រថយន្ត​ម៉ាក​ហាយ​យ៉ាន់​ដាយ ប្រភេទ​ដឹកទំនិញ​ធុន​ធំ ព៌ណ​ស ពាក់​ស្លាក​លេខ​៖ ភ្នំពេញ 3A – 9363​បើកបរ​ដោយ​ឈ្មោះ ឌី ហៅ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ មុខរបរ​កម្មក​របើ​កបរ បើករថយន្ត​ទិសដៅ​ពី​ទិស​លិច​ទៅ​ទិស​កើត ហើយ​បែក​កង់​ឈប់​ចត​លើ​ចញ្ចើមផ្លូវ​ខាងស្តាំ​ក្បាល​ទៅ​ទិស​ខាងកើត ដោយ​មាន​ដាក់​មែកឈើ​ជា​សញ្ញា ហើយ​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ហើយ​ម៉ូតូ​ខូចខាត​ធ្ងន់ រីឯ​រថយន្ត​ខូចខាត​ស្រាល ។

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់ រីឯ​សាកសព​ជនរងគ្រោះ​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​