រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​បង្ហាញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ប៉ុន្តែ​ក៏ត្រូវ​ធ្វើការ​សិក្សា និង​ពង្រីក​បន្ថែម​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ​

​ក្នុងឱកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​នៃ​ទេសចរណ៍​ក្នុងស្រុក Visit Cambodia និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​អន​ឡាញ សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ កាលពីពេល​ថ្មីៗ​នេះ នៅ​ខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា សេដ្ឋកិច្ច​ឌីជីថល បាន​នឹង​កំពុងតែ​ធ្វើឱ្យ​របៀបរបប​ធ្វើការ​ងារ​មាន​ភាព​ផ្លាស់ប្តូរ​ជាច្រើន នៅតាម​បណ្តា​ឧស្សាហកម្ម​នានា ដូចជា សេវាកម្ម​ហិរញ្ញវត្ថុ សេវាកម្ម​សុខភាព សេវាកម្ម​ទេសចរណ៍ សេវាកម្ម​កម្សាន្ត មធ្យោបាយ​ដឹកជញ្ជូន និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង ដូច្នេះ​ផ្អែកលើ​ស្មារតី​នេះ វិស័យ​ទេសចរណ៍ ក៏ត្រូវ​ធ្វើការ​សិក្សា និង​ពង្រីក​បន្ថែម​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ តាមរយៈ​ការជំរុញឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ដែលមាន​គុណភាព និង​ទាក់ទាញ ពិសេស​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ក្នុងការ​ស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​

​ឯកឧត្តម ថោង ខុន បានបញ្ជាក់​បន្ថែមថា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏បាន​ចូលរួម​អប់រំ​ដល់​ប្រជាជន​កម្ពុជា ឱ្យបាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​មានតម្លៃ​នៃ​វិស័យ​ទេសចរណ៍ ពោលគឺ​អត្ថប្រយោជន៍​នេះ​មិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ទៅដល់​ភ្ញៀវទេសចរ​ដទៃទៀត និង ការទទួលបាន​បទពិសោធ​ន៍ នៃ​ការទទួល​ស្វាគមន៍ ពិសេស​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​កាន់តែ​ប្រសើរ ដូច្នេះ​តាមរយៈ​នេះ សូមឱ្យ​ផ្នែក​ឯកជន​ដែលជា​ប្រតិបត្តិ​ករ​ទេសចរណ៍ ចូលរួម​ផ្តល់ព័ត៌មាន ក៏ដូចជា​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​ណាមួយ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​សក្តានុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យបាន​ល្អប្រសើរ និង​បង្កើន​កំណើន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ឱ្យបាន​កាន់តែច្រើន ក្នុងន័យ​ធ្វើយ៉ាងណា​ជំរុញ​ការស្វែងរក​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប សំដៅ​បំផុស​ចលនា​ទេសចរណ៍​ទៅកាន់​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​របស់​កម្ពុជា ៕​