ប្រធាន​មន្ទីរអប់រំ​ខេត្តសៀមរាប​បញ្ជាក់ថា គ្រឹះស្ថានសិក្សា​ឯកជន នឹងត្រូវ​បើក​ឲ្យ​បង្រៀន​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​

លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ដ​សៀមរាប មានប្រសាសន៍ថា បន្ទាប់ពី​ពិនិត្យ​លើ​ស្ថានភាព​ធូរស្រាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន បើក​ដំណើរ​ឡើងវិញ​នៅ​ដំណាក់កាល​ទី​២ នៅក្នុង​ខែតុលា​ឆ្នាំ​២០២០​នេះ ប៉ុន្ដែ​ការបើក​ឲ្យ​ដំណើរ​ការបង្រៀន​នេះ គឺត្រូវធ្វើ​ឡើងទៅ​តាម​កា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ដល់​សិស្សានុសិស្ស ដែល​មកដល់ពេលនេះ នៅក្នុង​ខេត្តសៀមរាប មាន​គ្រឹះស្ថានសិក្សា​ឯកជន​ប្រមាណ​១០​សាលា នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ខណៈ​មាន​អ្នកដាក់ពាក្យ​ស្នើសុំ​បើក​សាលា​ជិត​៤០​សាលា ។

​លោក លី ប៊ុន​ណា មានប្រសាសន៍​ទៀតថា ប្រការ​សំខាន់​នោះ គឺ​អ្នកគ្រប់គ្រង​សាលា ត្រូវ​រៀបចំ​និង​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សុខភាព​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ឬ​ជំងឺឆ្លង​ស្រួចស្រាល់​នានា​ដល់​អ្នកសិក្សា បុគ្គលិក​អប់រំ និង​បុគ្គលិក​ផ្សេងទៀត​ក្នុង​គ្រឹះស្ថានសិក្សា , ការរក្សា​គម្លាត​សុវត្ថិភាព , ការសម្លាប់​មេរោគ​នៅតាម​គ្រឹះស្ថានសិក្សា , អនុវត្ត​វិធានការ​អនាម័យ , ដាក់​ជាប់​តាម​ខ្លួន​ជានិច្ច​នូវ​ទឹក​អាល់កុល ឬ​ទឹក​ដែល​លាងដៃ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ព្រមទាំង​ពាក់​ម៉ាស​ការពារ នៅពេល​បំពេញការងារ ពេលធ្វើ​ដំណើរ និង​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ផងដែរ ។

​លោក លាវ ឱ​រ៉ា នាយក​វិទ្យាស្ថាន​អប់រំ​សាំង​ហ្គា​ពួរ បាន​ឲ្យ​ដឹងថា វិទ្យាស្ថាន​នេះ ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា អនុ​ញ្ញា​ឲ្យ​បើក​ដំណើរ​ឡើងវិញ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា ប៉ុន្ដែ​អ្នកគ្រប់គ្រង​សាលា នឹង​ឲ្យ​សិស្ស​ចូល​ប​វេស​នាកាល​ថ្មី​នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០​ខាងមុខ ដោយ​ត្រូវ​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព រួមមាន ការ​វាស់​កំដៅ​ពេល​បំពេញការងារ , ត្រូវអនុវត្ត​វិធាន​សម្លាប់​មេរោគ , ធ្វើ​អនាម័យ​បោសសម្អាត​បន្ទប់រៀន អគារ បរិវេណ​គ្រឹះស្ថានសិក្សា , ការគ្រប់គ្រង និង ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ប្រចាំថ្ងៃ រួមទាំង​ត្រូវ​បើកទ្វារ បង្អួច ឬ​វាំងនន​ឱ្យបាន​ធំ​ទូលាយ ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ និង​ខ្យល់អាកាស​ចេញចូលរ​គ្រប់គ្រាន់​។

​លោក លាវ ឱ​រ៉ា បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​សិស្សានុសិស្ស​ត្រូវ​ពាក់​ម៉ាស់ មាន​ធានា​សុវត្ថិភាព​ពេល​ម៉ោង​ធ្វើការ និង​មាន​ត្រូវ​គូសសញ្ញា​សម្គាល់ ដើម្បី​ធានា​គម្លាត​សុវត្ថិភាព , មិនមាន​ការប្រមូលផ្ដុំ​គ្រប់​រូបភាព ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោច​១,៥ ម៉ែត្រ​ឡើងទៅ និង មាន​គ្រូពេទ្យ​ជាប្រចាំ ពិសេស បាន​ផ្អាក​ដំណើរការ​បណ្ណាល័យ , បិទទ្វារ​របង​គ្រឹះស្ថានសិក្សា ព្រមទាំង​ចាត់តាំង​ការ​យាមកាម​ឱ្យ​តឹងរ៉ឹង ដោយ​មិន​អនុញ្ញាតឱ្យ​អ្នក​គ្មាន​ការ​កិច្ច​ចេញចូល​ឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក ឈិ​ត សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​