ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បញ្ជាក់ថា គ្មាន​ករណី​វីរុស​កូ​រ៉ូ​ណា​ថ្មី​ណាមួយ ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្តសៀមរាប​ទេ​

តាម​ការបញ្ជាក់​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម « Facebook » ផ្លូវការ​របស់លោក​វេ​ជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ក្នុងអំឡុង​ម៉ោង​០១​រសៀល នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា មកដល់ពេលនេះ​គ្មាន​ករណី Novel CoV ណាមួយ ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្តសៀមរាប​ទេ សូម​បញ្ឈប់​ការផ្សព្វផ្សាយ​ដោយ​មិន​ទទួលខុសត្រូវ ។

​សូមបញ្ជាក់ថា បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ ករណី​ជំ​ងឹ​ណូ​វ៉ែល​កូ​រ៉ូ​ណា ដែលជា​ជំ​ងឹ​សួត​ប្រភេទ​ថ្មី​នេះ​ទេ បាន​កើតមាន​ឡើងលើ​មនុស្ស​ចំនួន ៤.៣៧៩ ករណី ក្នុងនោះ​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​១០៦​នាក់ នៅ​ប្រទេស​ចំនួន​១៨​ក្នុង​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​ចំនួន ១ នៅ​ខេត្ត​ព្រះសីហនុ ៕​