ការប្រឡង​សំនៀង​ជនពិការ បង្កើតឡើង​ក្នុង​បុព្វហេតុ​លើកស្ទួយ​ជនពិការ

លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ការប្រឡង​សំនៀង​ជនពិការ ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បង្កើតឡើង​នេះ ក្នុង​បុព្វហេតុ​លើកស្ទួយ​ជនពិការ​ឲ្យមាន​មុខ​មាត់​នៅក្នុង​សង្គម ជាពិសេស គឺជា​ការលើកទឹកចិត្ត​ដល់​បងប្អូន​ជនពិការ ឲ្យមាន​ការតស៊ូ ជំនះ​រាល់​ការលំបាក ខណៈ​កន្លងមក​មាន​ជន​អគតិ​មួយចំនួន បានការ​មាក់ងាយ មិន​បាន​ឲ្យ​តម្លៃ​ដល់​ជនពិការ បាន​ធ្វើឲ្យ​ជនពិការ​កម្ពុជា​យើង មាន​ការឈឺចាប់ និង ប្រឈម​ជាច្រើន​ក្នុង​ជីវភាព​គ្រួសារ ជា​កត្តា​នាំឲ្យ​មាន​ភាពក្រីក្រ និង ជា​បន្ទុក​ដ៏​លំបាក​របស់​រាជរដ្ឋាភិបាល ក្នុង​ការលុបបំបាត់​ភាពក្រីក្រ ។

​លោកស្រី យូ សុភា មានប្រសាសន៍​យ៉ាង​នេះ ក្នុងឱកាស​បើក​ការប្រឡង​សំនៀង​ជនពិការ ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ កម្ពុជា ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍ អឹម អេស ជេ ធី​វី នៅ​រោង​មហោស្រព រ៉ូ​សាណា ក្នុង​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។

​លោកស្រី យូ សុភា បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា មាន​កម្មវិធី​គោលនយោបាយ​យ៉ាង​ជាក់លាក់ ដែល​គាំទ្រ​ដល់​ជនពិការ មិនឲ្យ​មាន​ការរើសអើ​ង មាន សិទ្ធិ​ស្មើគ្នា​ក្នុងសង្គម ហើយ​ការប្រឡង​សំនៀង​ជនពិការ​នេះ ក៏​ជា​ការលើកទឹកចិត្ត​មួយ​ផង​ដែរ​ដល់​ជនពិការ​យើ​យ ឲ្យ​បង្ហាញ​ពី​សមត្ថភាព និង ទេពកោសល្យ​របស់ខ្លួន លើ​វិស័យ​សិល្បៈ​នេះ ខណៈ​បច្ចុប្បន្ននេះ ជា​មោទនភាព​ស្តែង​ឲ្យឃើញថា ទាំង​ជនពិការ និង ជន​មិន​ពិការ បាន​ផ្តល់​សិទ្ធិ ស្មើៗ​គ្នា ក្នុង​ការប្រកួតប្រជែង​សមត្ថភាព និង ទេពកោសល្យ គឺ​អាច​ទទួលបាន​ជ័យលាភី​ដូចៗ​គ្នា ដូច្នេះ​បេក្ខជន បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង បញ្ចេញ​នូវ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ដណ្តើម​នូវ​ជ័យលាភី ដើម្បី​កិត្តិយស​ខ្លួន​ផង និង ខេត្ត​សៀមរាប​ផង ។

​សូមបញ្ជាក់​ថា ការប្រឡង​សំនៀង​ជនពិការ​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ចូល​មក​ប្រឡង​ចំនួន ៦​រូប ក្នុងនោះ បេ​ក្ខ​នារី​១​រូប ដែល​ជា​ជនពិការ​ពី​កំណើត និង សង្គ្រាម ហើយ​ឆ្លង​តាម​ការ​ដាក់​ពិន្ទុ​និង​វាយ​តម្លៃ​របស់​គណៈកម្មកា​រ និង ការគាំទ្រ​ពី​ទស្សនិកជន ចំណាត់​ថ្នាក់​ដែល​ត្រូវ​បន្ត​ទៅ​ប្រឡង​នូវ​វគ្គ​ផ្តាច់ព្រ័ត្រ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ទន់ ទូ​ន ជា​ជនពិការ​ជើង​ពី​កំណើត ។

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រឡង​ចំនួន ១​លាន​រៀល និង ក្រុម​តន្ត្រី ចំនួន​៣០០​ដុល្លារ​អាម៉េរិក ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​