រដ្ឋបាល​ស្រុក​ពួក សហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ស៊ីន ចាន់ថុល អភិបាលស្រុក​ស្តីទី បាន​ដឹកនាំ​កម្លាំង​សរុប​ចំនួន​១០​នាក់ រួមមាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៌ សហគមន៍​នេសាទ​កែវ​ពណ៌ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកស្រី កែវ សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល និង លោក សំ ផាន់​ណា នាយរង​ផ្នែក​ទទួលបន្ទុក​រួម​ក្រឡា​ញ់ បានធ្វើ​ចុះ​ពិនិត្យមើល​ព្រំប្រទល់​ដែនទឹក​ខេត្ត​សៀម​រាម និង​បាត់ដំបង , ពិនិត្យមើល​ស្ថានភាព​នៃ​ការប្រើ​ឧបករណ៍​នេសាទ​របស់​ប្រជា​នេសាទ និង បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ត្រី​ពង​កូន នៅ​ចំណុច​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ។

​លោក ស៊ីន ចាន់ថុល អភិបាលស្រុក​ស្តីទី មានប្រសាសន៍ថា ក្នុង​ប្រតិបត្តិការ​នេះ ទទួលបាន​លទ្ធផល ដោយ​បង្ក្រាបបាន​០១​ករណី នៅ​ចំណុច​ស្ទឹង​កំបុត ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ហើយ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​មាន ៖ ឧបករណ៍​-​ប ចំនួន ០៥ គ្រឿង , របាំង​សាច់​មង ប្រវែង ៣០០​ម និង ចម្រឹង ចំនួន ៣៥០​ដើម ។

​លោក ស៊ីន ចាន់ថុល មានប្រសាសន៍​បន្ថែមថា ក្នុង​ផែនការ និង​ទិសដៅ​ចំពោះមុខ អាជ្ញាធរ​ស្រុក និង​ជំនាញ​ជលផល បន្ត​អប់រំ ណែនាំ និង​បង្ក្រាប​ជាប្រចាំ ដើម្បី​ចូលរួម​ថែរក្សា​ប្រកបដោយ​ចីរភាព នូវ​ធនធាន​ជលផល ៕​