ការ​លែងលះ​ និង​ការស្វែងរក​សិទ្ធិ​គ្រប់គ្រង​កូន​

ជារឿយៗ​គូ​ស្វាមីភរិយា​ទៅ​ជួប​មេឃុំ​ដើម្បី​ទទួល​បាន​លិខិត​មួយ​ដែល​និយាយថា​ពួកគេ​លែងលះគ្នា ហើយ​បើ​ប្តី​ប្រពន្ធ​មាន​កូន ឬ​ទ្រព្យសម្បត្តិ នោះ​មេឃុំ​អាច​ចូលរួម​ក្នុង​ការចរចា​លើ​សិទ្ធិ​គ្រប់គ្រង​កូន ​និង​ការបែងចែកទ្រព្យសម្បត្តិ​។ នៅពេល​មាន​សំបុត្រអាពាហ៍ពិពាហ៍ ឬ​នៅ​ពេល​ការចរចា​លើ​សិទ្ធិ​គ្រប់គ្រង​កូន​និង​ទ្រព្យសម្បត្តិ​មិនបាន​ជោគជ័យ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ទេ នោះ​ប្ដី​ប្រពន្ធ​ត្រូវតែទៅ​តុលាការ​ដើម្បី​លែងលះគ្នា​តាម​ផ្លូវច្បាប់ ឬ​ដើម្បី​ទទួល​បាន​ដីកា​ថែរក្សា​កូន​និង​ការបែងចែក​ទ្រព្យ​។​

​អ្នកស្រី អឿន មុំ នៅ​ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​បាន​និយាយថា អំពើហិង្សា​កើតឡើង​ជាក់ស្តែង​ក្នុង​គ្រួសារ​បងស្រី​អ្នកស្រី​ផ្ទាល់​គឺ​មិន​មាន​ការជួយ​ពី​អាជ្ញាធរ​ឲ្យបាន​ដិតដល់​នោះ​ទេ នៅ​ពេល​ស្ត្រី​រងគ្រោះ​ទៅរក​សេវា​លែងលៈ​នៅ​ថ្នាក់ឃុំ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​អង្គការ​មួយ​ដែល​ខាង​អ្នកស្រី​សហការ​ជាមួយ តែ​មិន​មាន​ដំណោះស្រាយ ដោយ​មិន​បាន​រក​យុត្តិធម៌​សំរាប់​ស្ត្រី​ឡើយ​។ អ្នកស្រី​បន្ត​ថា ការលែងលៈ​គឺ​ត្រូវធ្វើ​នៅ​តុលាការ ប៉ុន្តែ​ការ​ឡើងទៅ​តុលាការ​មិន​ងាយស្រួល​ទេ​សំរាប់​ស្ត្រី​បើ​គ្មាន​លុយ​ក្នុងការ​រឿងក្តី​។

អ្នក​បន្តថា​នាពេល​បច្ចុប្បន្ន​គ្រួសា​រប​ង​ស្រី​អ្នកស្រី​បាន​ធ្វើ​ការលែងលៈ​គ្នា​នៅ​ថ្នាក់​ឃុំ​រួចរាល់​ហើយ​ទោះបី​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​យ៉ាងណាក្តី ។ ក្នុងនោះ​ស្ត្រី​រងគ្រោះ​ត្រូវ​ទទួលបន្ទុក​ក្នុង​ការចិញ្ចឹម​កូន​ចំនួន​៤​នាក់ ដោយ​គ្មាន​ការផ្តល់​អាហារកិច្ច​ពី​ឪពុក​ឡើយ​។

​ជាមួយគ្នា​នេះ​អ្នកស្រី ទួន សា​រ៉ា នៅ​ឃុំ​កណ្តែក​ដូចគ្នា​ដែរ​នោះ​ក៏​បាន​លើកឡើង​ថា សំរាប់​អ្នកស្រី​ផ្ទាល់​រង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាង​១០​ឆ្នាំ ហិង្សា​ផ្នែក​ផ្លូវចិត្ត​។ នៅពេល​អ្នកស្រី​ទៅរក​អាជ្ញាធរ​ភូមិ​ឃុំ​ឲ្យជួយ​ដោះស្រាយហា​ក់បី​ដូច​ជាមិ​ន​ទទួលបាន​យុត្តិធម៌​នៅឡើយ​ចំពោះ​អ្នកស្រី ការដោះស្រាយ​នៅ​ថ្នាក់​ឃុំ​គឺ​មានតែ​ការសម្របសម្រួល​តែប៉ុណ្ណោះ​ទោះបីជា​ស្ត្រី​ចង់រ​ក​ការលែង​លៈក៏ដោយ​។ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​អស់ជំនឿ​ចិត្ត​លើ​ការដោះស្រាយ​នៅ​ថ្នាក់ឃុំ មានតែ​ទ្រាំ​រស់នៅ​ជាមួយ​អំពើហិង្សា​បន្តទៀត​។

អ្នកស្រី ម៉ិ​ល សុគ​ង្គា មេឃុំ​កណ្តែក​បាន​លើកឡើង​ថា កន្លង​នៅពេល​មាន​អំពើ​ហិង្សា​កើតឡើង​ក្នុង​គ្រួសារ​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​គ្រប់​រូប​។ ចំពោះ​ករណី​លែងលៈ​ឃុំ​មិន​មាន​សិទ្ធិ​ក្នុង​ការ​សម្រច​នោះ​ទេ​បើ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍ តែ​ឃុំ​អាច​សម្របសម្រួល​ឲ្យ​លែងលៈ​បាន​បើសិនជា​មាន​ការព្រមព្រៀង​រវាង​គ្នា​រវាង​បុរស​និង​ស្ត្រី ចំពោះ​ការបែងចែក​ទ្រព្យសម្បត្តិ​ឃុំ​មិន​អាច​ធ្វើបាន​ទេ​។

​ក្នុង​ករណី​ខ្លះ ប្រសិនបើ​មាន​បណ្តឹង​ព្រហ្មទណ្ឌ​និង​បណ្តឹង​លែងលះ បណ្តឹង​ព្រហ្មទណ្ឌ​ត្រូវបាន​គេ​ប្រើ​ជា​ចំណុច​នៃ​ការចរចា​ក្នុង​នីតិវិធី​លែងលះ​។​ស្ត្រី​ជា​ច្រើន​ប្រហែល​ជា​គិតថា ការ​លែងលះ​គឺជា​រឿង​អាក្រក់​សម្រាប់​កូនៗ ប៉ុន្តែ​ការ​បន្ត​កើតមាន​អំពើ​ហិង្សា​ជា​រៀងរាល់ថ្ងៃ​គឺជា​រឿង​អាក្រក់​សម្រាប់​កូនៗ​និង​អនាគត​របស់​ពួកគេ​។ ការដាក់​ពាក្យបណ្តឹង​លែងលះ ឬ​ការរស់នៅ​បែក​គ្នា និង​សិទ្ធិ​គ្រប់គ្រង​កុមារ​ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ថ្នាក់​ឃុំ​។ ប្រសិនបើ​ដំណើរការ​ចរចា​ទទួល​បរាជ័យ ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​គឺជា​ជម្រើស​មួយ​ដែល​ត្រូវ​បន្ត​ធ្វើ​៕

អត្ថ​បទ​បទ​យក​ការណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម