ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ផ្ដួចផ្ដើម​ធ្វើ​អង្គ​កឋិនទាន​ដង្ហែ​វេរ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ស្រ​ណា​ល ក្នុងស្រុក​ក្រឡាញ់ ដោយ​ប្រមូល​បច្ច័យ​បាន​ជិត​៥​ម៉ឺន​ដុល្លារ​អាមេរិក​

ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកជំទាវ ព្រមទាំង​បុត្រ រួមជាមួយ​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​ផ្ដួច​ផ្ដើមធ្វើ​អង្គ​កឋិនទាន​មហា​សាមគ្គី​មួយ ដោយបាន​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុង​វត្ត​បទុម​រតន​ញ្ញាណ ហៅ​វត្ត​ស្រ​ណា​ល ស្ថិតក្នុង​ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​កន្លងមកនេះ ដោយ​ប្រមូល​បច្ច័យ​បាន​ចំ​នួ​៤៩.៩១៨ ដុល្លារ​អាមេរិក ។

​ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺ​ធ្វើយ៉ាងណា​ឱ្យ​សាសនា​ទាំងអស់​នៅ​កម្ពុជា មាន​សុខដុមរមនា​ជាមួយគ្នា ក្រោម​ម្លប់​សុខសន្តិភាព​ដ៏​ត្រជាក់ត្រជុំ និង​ការរួបរួម​ជាតិ​តែមួយ ព្រោះថា​នៅ​ប្រទេស​កម្ពុជា ព្រះពុទ្ធសាសនា និង​សាសនា​ដទៃទៀត​សុទ្ធតែ​មានកំណើត​ពីរ ពោលគឺ​កំណើត​ទី​២ កើត​ក្រោយ​ថ្ងៃ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​៧ មករា ១៩៧៩ ក្រោយ​ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​ដោយ​របប​ខ្មែរក្រហម ប៉ុល ពត ដ៏​ខ្មៅ​ងងឹត​យ៉ង​ឃ្នង​។

​ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ មានប្រសាសន៍​បន្ថែមថា តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​នោះមក កម្ពុជា​បាន​ខិតខំ​កសាង​ប្រទេសជាតិ និង​សាសនា​របស់ខ្លួន​ដោយ​បាត​ដៃទទេ ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​ស្វែងរក និង​ថែរក្សា​ការពារ​សុខសន្តិភាព ពង្រឹង​ស្ថិរភាព​នយោបាយ ព្រមទាំង​ខិតខំ​អភិវឌ្ឍន៍​ស្រុកទេស​ដ៏​កម្សត់​មួយ​នេះ ឱ្យមាន​ការរីកចម្រើន​ទៅមុខ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្លា​ចំពោះ​ព្រះពុទ្ធសាសនា និង​សាសនា​ដទៃទៀត ដោយបាន​ទាំង​បង្កើតឡើង​នូវ​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ជំរុញ និង​ពង្រឹង​វិស័យ​សាសនា​នៅ​កម្ពុជា នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​គ្មាន​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ​អាច​បំភ្លៃ និង​បំផ្លើស​បានឡើយ​។

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ធ្វើអំពើ​ល្អ ថែរក្សា​ការពារ​សុខសន្តិភាព ពិសេស​កុំ​ចូលរួម​ជាមួយ​ចលនា​ណា ដែល​នាំ​ឲ្យ​មានការ​បង្កបញ្ហា​ក្នុងសង្គម ចលាចល​សង្គម និង បំផ្លាញ​សុខសន្តិភាព​ដែល​រកបាន​ដោយ​លំបាក ឬ​នាំទៅដល់​សង្គ្រាម​ជាដើម ៕​