ការអប់រំ​ក្មេងប្រុស​ជា​មធ្យោបាយ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​

ការសិក្សា​ថ្នាក់ជាតិ​បានបង្ហាញ​ថា បុរស​ដែល​មាន​ការសិក្សាអប់រំ​ទាប​ភាគច្រើន​ហាក់ដូចជា​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​។​ការបង្កើន​ការចុះឈ្មោះ​ចូលរៀន​របស់​ក្មេងប្រុស និង​ការបញ្ចប់​ការសិក្សា​នៅ​ថ្នាក់ខ្ពស់​របស់​បុរស​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​អំពើហិង្សា​លើ​ស្ត្រី​។​ការអប់រំ​នៅ​ដំណាក់កាល​ដំបូង​នៃ​កុមារភាព​ត្រូវបាន​គេ​ជឿថា មាន​ឥទ្ធិពល​ខ្លាំង​លើ​ឥរិយាបថ​របស់​បុរស​និង​ទំនាក់ទំនង​ជាមួយ​ដៃគូ​របស់​ពួកគេ​។

​អ្នកស្រី យន់ នៅ​ភូមិ​គោគ​ចាន់ ឃុំ​អំពិល​និយាយថា ការអប់រំ​មាន​សារៈសំខាន់​ណាស់​សំរាប់​កុមារ មិន​ថា​ប្រុស​ឬ​ស្រី​ទេ តែបើ​សំរាប់​ក្មេងប្រុស​មាន​ការអប់រំ​ឲ្យ​យល់​ពី​ផលប៉ះពាល់​នៃ​ការប្រើ​អំពើហិង្សា​ពី​វ័យក្មេង ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​អាច​កាត់បន្ថយ​បាន​មួយចំណែក​។ អ្នកស្រី​សំណូមពរ​ឲ្យ​លោកគ្រូ​អ្នកគ្រូ គួរ​មាន​កម្មវិធី​អប់រំ​ផ្នែក​ផ្លូវចិត្ត​ដល់​ក្មេងប្រុស​ផងដែរ​។

​អ្នកស្រី ឡៃ សារ៉ាន់ នៅ​ឃុំ​អំ​ពិស​ដូចគ្នា​ដែរ​នោះ​ក៏បាន​លើកឡើង​ដែរ​ថា ដើម្បី​ឲ្យ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កាត់បន្ថយ ត្រូវ​អប់រំ​ពួក​គាត់​តាំង​ពី​វ័យក្មេង ព្រោះ​មាន​តែ​ការអប់រំ​ទេ​ដែល​ធ្វើឲ្យ​ពួកគាត់​ធំ​ឡើង​ចេះគិត មិន​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​។ ការអប់រំ​មិនមែន​ធ្វើ​តែ​នៅ​សាលា​ទេ គឺ​ឪពុកម្តាយ​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ពួកគាត់​។

​លើ​បញ្ហា​នេះ​លោក គន់ គីន នាយក​សាលា​បឋមសិក្សា​គោគ​ចាន់​បាន​លើកឡើង​ថា ការអប់រំ​ក្មេងប្រុស​នៅ​វ័យក្មេង​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួមចំណែក​ទប់ស្កាត់​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ​។ លោក​តែងតែ​អប់រំ​កុមារ​ជានិច្ច​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ តែ​ទន្ទឹម​នឹង​មាន​ការអប់រំ​ពី​សាលា គ្រួសារ​និង​សហគម ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ឲ្យ​ក្មេងប្រុស​បាន​យល់​កាន់តែ​ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ហិង្សា​ក្នុង​គ្រួសារ​។

​ការសិក្សា​អប់រំ​និង​ការ​ចិញ្ចឹម​បីបាច់​កូន​ជា​វិជ្ជមាន គឺជា​ធាតុ​ផ្សំ​ពីរ​ដែល​ធ្វើការ​រួមគ្នា​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ដែល​គ្មាន​អំពើហិង្សា ។ មិន​ត្រូវ​ក្តិច ឬ​វាយ​ទះ​កូន​ទេ​។ និយាយ​ពាក្យ​ផ្អែម​ល្ហែម​, ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ ស្និទ្ធស្នាល និង​ស្មោះត្រង់ ព្រមទាំង​ជំរុញ​សមភាព​យេនឌ័រ​ក្នុង​គ្រប់​សកម្មភាព​ដែល​អ្នក​ធ្វើ​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម